(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជា «មាសបៃតង»។សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃល្ងាចសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ពេលអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់, ពិសេសរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ទៅជា «កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០» និង «ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០»

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់តាំងពីឆ្នាំ ២០១១ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មី នៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ របស់តំបន់ឆ្នេរសមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា គ្រប់ដណ្ដប់លើ ខេត្តទាំង ៤ រួមមាន ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និង ខេត្តកែប ក្រោមឈ្មោះរួមមួយថា «ឆ្នេរសមុទ្រកម្ពុជា» និង ត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី»

សម្តេចតេជោ មានប្រសាសន៍បន្តថា ឆ្នេរសមុទ្រដ៏ស្អាតនេះ គឺបានបំពេញបន្ថែមទៅឱ្យប្រាង្គប្រាសាទរាប់ពាន់របស់យើង ដែលដូនតាយើង អតីតព្រះមហាក្សត្របានបន្សល់ទុក ។ បន្ថែមពីលើឆ្នេរសមុទ្រនេះ, តំបន់ទេសចរណ៍ជាច្រើន ដូចជានៅភូមិភាគឦសាន្ត និង នៅផ្នែកដទៃទៀត ក៏បាននិងកំពុងកើតឡើងយ៉ាងច្រើន ។

សម្តេចតេជោ បានបន្ថែមថា ក្នុងបរិបទនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធ ពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ។

ជាការពិត, សក្ដានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» (The Rising Star of the Southwest) គឺមានលក្ខណៈលេចធ្លោមានភាពសម្បូរបែប ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ ។ ការរីកចម្រើនទាំងនេះ មិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិសុខ ពោលគឺបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសុខសន្តិភាព, ស្ថិរភាពនយោបាយ និង សុខសុវត្ថិភាពពេញលេញ ៕