(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ​ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ​សម្រាប់គម្រោង/កម្មវិធីចំនួន ៦ ដែលមានទឹកប្រាក់សរុបចំនួន ៣៨១​.៤៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន០១ ដែលមានទឹកប្រាក់ចំនួន ១.៧លានដុលា្លរ ​សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល​។

ពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានរៀបចំឡើងនៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា​ លោកស្រី Jyotsana Varma នាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា​ និងលោកស្រី Sandrine Boucher នាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជា​។
គម្រោងទាំង៦ដែលត្រូវអនុវត្តរួមមាន៖

១៖ កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល-អនុកម្មវិធីទី១ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ជំរុញល្បឿននៃការប្រែក្លាយទៅជាសេដ្ឋកិច្ច បៃតង និងកាត់បន្ថយការបញ្ចេញកាបូន ព្រមទាំងជំរុញការវិនិយោគប្រកបដោយភាពប្រកួតប្រជែង ក្នុងវិស័យថាមពល តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន។

២៖ គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនា សម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ, ពិពិធកម្មជីវភាពប្រជានេសាទដែលធន់នឹងអាកាស ធាតុ, ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជំរុញពាណិជ្ជូបនីយកម្មផលនេសាទសមុទ្រ។

៣៖ គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ មានគោលបំណងចម្បង ២ គឺ៖ ទី១.លើកកម្ពស់ផលិតភាព, គុណភាព, ពាណិជ្ជកម្ម, ពិពិធកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបសុសត្វស្របតាមក្របខណ្ឌនៃផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍបសុសត្វឆ្នាំ២០១៦-២០២៥ និង ទី២.លើកកម្ពស់សុខភាពបសុសត្វ និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃប្រកបដោយភាតរៈបរិស្ថាន។

៤៖ គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ មានគោលបំណងលើកកម្ពស់ការទទួលបាន សេវាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន ដោយផ្តោត ជាចម្បងលើការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល និង ការគាំពារហិរញ្ញវត្ថុសម្រាប់សេវាថែទាំសុខភាពជូនប្រជាជនចំណាកស្រុក។

៥៖ កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១ មានគោលបំណងជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ៈ ទី១.ការលើកកម្ពស់បរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ច, ទី២.ជំរុញការរីកលូតលាស់នៃសហគ្រាសខ្នាតតូច និងមធ្យម, និង ទី៣.កែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

៦៖ គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា មានគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ៈ ទី១. ការពង្រីកវិសាលភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិតាមស្តង់ដារ និងប្រកបដោយសមធម៌, ទី២.ការពង្រឹងគុណភាព នៃការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និង ទី៣.ការលើកកម្ពស់ស្ថាប័នក្នុងការធ្វើផែនការ, ការគ្រប់គ្រង និងការបង្រៀន។

​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​បានមានប្រសាសន៍រំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការ ADB ដែលបាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤.៧៧ប៊ីលានដុល្លារអាមរិក ដែលក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ប៊ីលានដុល្លារអាមេរិកសម្រាប់អនវុត្តគម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញ​ប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨.៤៥លានដុល្លារអាមរិកសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៦៩។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិ-បត្តិការរបស់ ADB និង AFD ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា និងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ ហើយអាចក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា​៕