(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ ក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦៖៣០នាទី គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧-០១-១៩៧៩- ០៧-០១-២០២៣) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដើម្បីឲ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់វិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវ លេខ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធី រហូតដល់ពិធីត្រូវបានបញ្ចប់។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់៕