(ភ្នំពេញ)៖ ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានចេញ Poster ផ្សព្វផ្សាយទី៤ ជាផ្លូវការ។

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដែលបានថតចប់ នឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥៖០០នាទីល្ងាច នៅសាលសន្និសិទចតុមុខ ក្រោមអធិបតីភាព​ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមអញ្ជើញបងប្អូនរង់ចាំទស្សនា ការសម្ពោធចាក់បញ្ចាំងសាច់រឿងទាំមូលជាផ្លូវការ នៅក្នុង ផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV។

សូមជម្រាបថា ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ផលិតដោយសមាគមសិល្បករខ្មែរ ដែលមានផលិតករ គឺលោកស្រី ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៉ឹង លីហេង, ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារៈ​ កាម៉េរាថត ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

«ទុក្ខស្រីប្តីព្រាត់» គឺជាចំណងជើងបទចម្រៀង ដែលនិយាយអំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវព្រាត់ប្រាស់គ្នា ក្នុងសម័យខ្មែរក្រហម។ បុព្វហេតុរបស់សម្តេច ត្រូវចាកចេញឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពេលនោះ ដោយសារតែបុព្វហេតុជាតិមាតុភូមិ ខណៈដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្លាប់កូនទី១ ហើយកំពុងមានផ្ទៃពោះ៥ខែ កូនទី២៕