(ភ្នំពេញ)៖ លោកស្រី ជា ស៉ីណា ឃួងស្រេង ប្រធានក្រុមការងារសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានលើកទឹកចិត្តប្រជាពលរដ្ឋ ប្រកបរបរជាអ្នករើសអេតចាយនៅទីលានចាក់សំរាមដង្កោទាំងអស់ ត្រូវមានក្តីសង្ឃឹមជានិច្ច។

លោកស្រីផ្តាំពួកគាត់​ ត្រូវជឿជាក់លើការ ដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយមិនត្រូវអស់សង្ឃឹម ឬបោះបង់ចោលការតស៊ូ ក្នុងឆាកជីវិតឡើយ ហើយដរាបណាប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍ ប្រជាពលរដ្ឋក្រីក្រ នៅតែមានឱកាសយ៉ាងពេញលេញ ក្នុងការពូនជ្រុំសេដ្ឋកិច្ចគ្រួសារ បង្កើនចំណូលជីវភាព និងការគាំទ្រយកចិត្តទុកដាក់ជាប់ជាប្រចាំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលជារៀងដរាប។

ពេលនាំយកអំណោយកាកបាទក្រហមកម្ពុជា និង អំណោយសប្បុរសជន មកចែកជូនពលរដ្ឋ៣៨០គ្រួសារ ប្រកបរបរជាអ្នករើសអេតចាយនៅទីលានចាក់សំរាមដង្កោ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ លោកស្រី ជា ស៉ីណា ឃួង ស្រេង លើកឡើងថា សម្តេចទាំងទ្វេ និងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញ ជានិច្ចជាកាលតែងតែបានគិតគួរ និងយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ទីណាមានទុក្ខលំបាក គឺមានសម្ដេចទាំងទ្វេ។

លោកស្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីសុខភាព រស់នៅមានអនាម័យ បន្តចូលរួមទប់ស្កាត់ និងការពារ ជំងឺរាតត្បាត កូវីដ-១៩ទាំងអស់គ្នា ព្រោះវាមិនទាន់ទៅឆ្ងាយពីយើងគ្រប់គ្នានៅឡើយទេ។

លោកស្រី គឹម ញឹប ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌដង្កោ បានបញ្ជាក់ជូនថា អ្នកប្រកបរបររើសសំរាម នៅទីលានចាក់សំរាមដង្កោសរុបមានចំនួន ៣៨០គ្រួសារនេះ ក្នុងនោះមកពីខណ្ឌមានជ័យ ចំនួន ៨៣ គ្រួសារ មកពីស្រុកស្អាងខេត្តកណ្តាលចំនួន១៤គ្រួសារ និងមានក្នុងខណ្ឌដង្កោ ចំនួន២៨៣គ្រួសារ។

កន្លងមកប្រជាពលដ្ឋទាំងនេះ ធ្លាប់ទទួលអំណោយចំនួន៥លើករួមមកហើយ ក្នុងរួមមាន អំណោយរបស់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ លោក ឃួង ស្រេង ចំនួន០៣លើក អំណោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិហោណាំហុងបួរីហោ១លើក អំណោយពីក្រុមការងារ លោកលី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងថ្ងៃនេះ លោកស្រី ជា ស៉ីណា ឃួង ស្រេង និងសប្បុរសជនមកចែកជូនបន្ថែមទៀត៕