(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលកោះកុង បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំយកចិត្តទុក្ខដាក់ក្នុងការសិក្សាដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ ជាពិសេសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ការអំពាវនាវបែបនេះ របស់លោកស្រី មិថុនា ភូថង បានធ្វើឡើងក្នុងឱកាសដែលលោកស្រីបានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ដោយចូលរួមពីមន្ត្រីរាជកា លោកគ្រូ អ្នកគ្រូនៅគ្រប់បណ្តាសាលារៀនរដ្ឋ និងឯកជន សិស្សានុសសិស្សរាប់រយនាក់ នៅសាលាវិទ្យាល័យកោះកុង។

លោកស្រី មិថុនា ភូថង បានថ្លែងថា ដើម្បីឱ្យអនាគតរបស់ខ្លួនទទួលបានភាពភ្លឺស្វាង កូនក្មួយ ដែលជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំ និងស្តាប់ដំបូលមានរបស់ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ដែលជាឪពុក ម្តាយទី២ ជួយបង្ហាត់បង្រៀនផ្តល់ដំបូន្មានល្អៗ ហើយយើងត្រូវស្វែងយល់បង្កើនធនធានមនុស្សពីព្រោះសិស្សានុសិស្សទាំងអស់ គឺជាទំពាងស្នងឫស្សីទៅអនាគតនៃប្រទេសជាតិ។

លោកស្រីអភិបាលខេត្ត បានបន្តថា សិស្សានុសិស្សទាំងអស់ត្រូវប្រកាន់គោលជំហរ និងមានជំនឿជឿជាក់លើខ្លួនឯង ត្រូវតស៊ូ ព្យាយាមអត់ធ្មត់ក្នុងការសិក្សា ដើម្បីឈានទៅសម្រេចបាននូវក្តីស្រម៉ៃ និងក្តីបំណងប្រាថ្នានៅពេលអនាគត ហើយសិស្សានុសិស្សទាំងអស់ ត្រូវយកការសិក្សាជាចម្បង ដើម្បីអនាគត និងជីវភាពគ្រួសារត្រូវជៀសឱ្យផុតពីគ្រឿងញៀង និងត្រូវចេះចូលរួមរាល់ការងារសង្គម ហើយត្រូវចេះសាមគ្គីគ្នាស្រឡាញ់គ្នាទោះបីម្តាយឪពុកខុសគ្នាក៏ដោយ ជាពិសេសត្រូវចេះអប់រំមិត្តភ័ក្រ្ភ ដែលឃើញគាត់ដើរផ្លូវខុសឱ្យត្រឡប់មករកផ្លូវត្រូវវិញ។

លោកស្រីបានបន្ថែមថា បើកាលណាប្រទេសជាតិមួយ មានធនធានមនុស្សគ្រប់គ្រាន់នោះ សង្គជាតិមួយនេះ នឹងមានការអភិវឌ្ឍរីកចម្រើន កាន់តែឆាប់រហ័ស ព្រោះជាសម័យបច្ចេកវិទ្យាទំនើប។

បន្ថែមពីនេះ លោកស្រី មិថុនា ភូថង ក៏បានកោតសសើរ លោកគ្រូអ្នកគ្រូ ដែលជាឪពុកម្ដាយទី២ ជាអ្នកស្រាវជ្រាវ ជាអ្នកទីប្រឹក្សា ជាក្បាលម៉ាសុីនក្នុងផ្តល់ចំណេះដឹងដល់កូនក្មួយ និងជាអ្នកច្នៃប្រឌិតព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងខាងចំណេះដឹងទាំងវិធីសាស្ត្របង្រៀន ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនដល់សិក្សានុសិស្ស ឱ្យមានចំណេះដឹងទំលំទូលាយនិងអភិវឌ្ឍន៍ខ្លួន ជាអ្នកបន្តវេនសម្រាប់អនាគតផងដែរ។

លោកស្រីបានបញ្ជាក់ថា សិស្សានុសិស្ស ត្រូវខិតខំពង្រឹងសកត្តានុពល របស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ធទាំងសេវា រៀនឱ្យស័ក្កិសមសម្រាប់ការរៀនសូត្រឱ្យស្អាតស្អំឥរិយាបថល្អ និងគ្មានការញំញីផ្លូវចិត្តផ្លូវកាយឡើយ៕