(កណ្តាល)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ដែលមានការចូលរួមពីលោក ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល លោកអភិបាលស្រុកអង្គស្នួល លោកមេឃុំលំហាច លោកនាយកវិទ្យាល័យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គស្នួល និងឃុំលំហាចចំនួនជាច្រើនរូប។

លោក សុខ ចិន្តាសោភា បានសម្តែងនូវការនឹករលឹក ក៏ដូចជាថ្លែងអំណរគុណជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានពុះពារគ្រប់បែបយ៉ាងខិតខំបង្ហាត់បង្រៀន សិស្សានុសិស្សតាមបែបគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការយកចិត្តទុកដាក់បង្ហាត់បង្រៀន របស់លោកគ្រូអ្នកគ្រូ រួមជាមួយនឹងការខិតខំប្រឹងប្រែង របស់សិស្សានុសិស្សផ្ទាល់ បានស្តែងចេញជាលទ្ធផលល្អប្រសើរនាពេលកន្លងមក ជាពិសេសគឺអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ របស់សិស្សានុសិស្សស្រុកអង្គស្នួលដែលមានចំនួន៨៦,៨% និទ្ទេស A មានចំនួន ៩រូប ក្នុងនោះវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹងក៏ទទួលបាននិទ្ទេស A ចំនួន ២រូបផងដែរ ដែលសមិទ្ធផលទាំងនេះ អាចសម្រេចបានក្រោមម្លប់នៃសន្តិភាព។

លោកបានថ្លែងយ៉ាងដូច្នេះថា «ក្មួយៗគឺជាម្ចាស់នៃជោគវាសនារបស់ក្មួយៗផ្ទាល់ ហើយក្មួយៗទាំងអស់ គឺជាអនាគតរបស់ប្រទេសជាតិ»។ លោកបានណែនាំដល់ក្មួយៗសិស្សានុសិស្ស ឱ្យព្យាយាមខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ដើម្បីគ្រួសារ និងប្រទេសជាតិនៃយើង និងបន្តការពារខ្លួនដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩។

នាឱកាសនោះ លោក សុខ ចិន្តាសោភា បានចែកជូនអំណោយអនុស្សាវីយ៍ដល់លោកគ្រូ អ្នកគ្រូជានិវត្តជនចំនួន ១១រូប, លិខិតថ្លែងអំណរគុណដល់សប្បុរសជនចំនួន១រូប, និងជូនរង្វាន់ដល់សិស្សនិទ្ទេស A និង B ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិក្សា២០២១-២០២២ និងសិស្សពូកែប្រចាំសាលាក្នុងឆ្នាំសិក្សាកន្លងទៅផងដែរ៕