(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរ មាតា បិតា និងអាណាព្យាបាលសិស្ស ត្រូវសហការជាមួយសាលារៀន ដើម្បីតាមដានការសិក្សារបស់សិស្សានុសិស្ស ជាពិសេសការចូលរួមអភិវឌ្ឍន៍សាលារៀនឱ្យមានភាពប្រសើរឡើង ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមដំបូលនៃសន្តិភាព។

លោក អ៊ុន បុត្ត បានថ្លែងដូច្នេះនៅក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យស្ទឹងសែន ស្ថិតនៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្សានុសិស្សប្រមាណជា ១,៥០០នាក់។

លោកបន្តថា ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២២-២០២៣នេះ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក គឺក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនូវទស្សនាទាន គន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំដោយត្រូវធានាផ្ដល់សេវាអប់រំ ដែលមានភាពធន់រស់រវើក និងភាពឆ្លើយតប។

អភិបាលរងខេត្តកំពង់ធំរូបនេះ បានថ្លែងថា អ្នកពាក់ព័ន្ធ ត្រូវបន្តអនុវត្តន៍ និងគាំទ្រដល់ការអប់រំតាមបែបឌីជីថល ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិតំបន់និងសកលលោក។ ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងកសាងប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំមានភាពរស់រវើកមានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន។ ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធាន មនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល និងប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

បន្ថែមពីនេះ លោកបានជំរុញគ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតងឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។ លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខជាឪពុក ម្តាយទី២ ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទាំងខាងផ្នែកចំណេះដឹងទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកទេសព័ត៌មាន និងភាសាបរទេស។

លោកបានផ្ដាំផ្ញើដល់សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងប្រកាន់ខ្ជាប់នូវអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗហើយគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ចុងក្រោយលោកបានអំពាវនាវដល់មាតាបិតា សូមនាំកូនមកចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូន ដល់ចៅ តាមគ្រប់រូបភាព។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេប បុគ្គលិកអប់រំសរុបចំនួន ៥,៣៥៤នាក់ ស្រី២,៦២៤នាក់ សាលាមត្តេយ្យសិក្សារដ្ឋចំនួន ២១៤កន្លែង ស្មើ៣២៩ថ្នាក់ មត្តេយ្យសិក្សាសហគមន៍នៅក្នុងខេត្តសរុបមានចំនួន ១៩៥កន្លែង មត្តេយ្យសិក្សាឯកជនសរុបមានចំនួន ២៩កន្លែង សាលាបឋមសិក្សាចំនួន ៤៩៤សាលា ស្មើ ៣,៤០០ថ្នាក់ អនុវិទ្យាល័យចំនួន ៦៧សាលា វិទ្យាល័យចំនួន ២៥សាលា ស្មើ ៦៤៦ថ្នាក់ សិស្សសរុបនៅគ្រឹះស្ថានសិក្សាសាធារណៈមានចំនួន ១៥៨,៦៩៥នាក់៕