(ព្រៃវែង)៖ មានហេតុការណ៍បាក់ស្រុតផ្ទះប្រជាពលរដ្ឋចូលក្នុងទន្លេចំនួន៣ខ្នង បានបណ្តាលឲ្យខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់ជាបឋមប្រមាណជា ៤០០លានរៀលឯណោះ។

ហេតុការណ៍នេះ បានកើតឡើង នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅវេលាម៉ោង ២រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោះធម្មជាតិនេះបង្កឡើងដោយការបាក់ច្រាំងទន្លេទាញយកផ្ទះពលរដ្ឋ ដែលសាងសង់នៅជាប់មាត់ច្រាំង។

បើតាមលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ពពិល បានបញ្ជាក់ថា ផ្ទះចំនួន៣ខ្នង ដែលរងការខូចខាតនោះ រួមមាន៖

* ១៖ ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ ជាប្រភេទផ្ទះថ្ម ម្ចាស់ឈ្មោះ ផល ណាក់ (ប្ដីប្រពន្ធ)
* ២៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ ម្ចាស់ឈ្មោះ ស៊ឺន ដា (ប្ដីប្រពន្ធ)
* ៣៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ ម្ចាស់ឈ្មោះ ឈីត ស្រីដា (ប្ដីប្រពន្ធ)។

លោកនាយប៉ុស្តិ៍បញ្ជាក់ថា ផ្ទះទាំង៣ខ្នងខាងលើ បានបាក់ស្រុតភ្លាមៗ ចូលក្នុងទន្លេបាត់ ដោយពុំបានជញ្ជូនទ្រព្យសម្បត្តិអ្វីទាន់ឡើយ។ បើតាមការស្មានបឋមខូចខាតគិតជាទឹកប្រាក់ប្រហែល ៤០០.០០០.០០០៛ (បួនរយលានរៀល) ផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរស្រុកបានចុះពិនិត្យមើលស្ថានភាពការបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន៣ ខ្នងនេះហើយ និងបានចូលរួមសោកស្ដាយ ព្រមទាំងណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នមុននឹងការសាងសង់ផ្ទះ ត្រូវមើលទីតាំងដីឲ្យបានត្រឹមត្រូវហើយកុំសាងសង់ផ្ទះជាប់នឹងមាត់ទន្លេពេក ជៀសវាងការបាក់ស្រុតចូលក្នុងទន្លេដែលនាំឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនបែបនេះ៕