(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ១,៧០៩នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២២ កន្លងទៅនេះ។ នេះបើយោងតាមការបូកសរុបក្រៅផ្លូវការ របាយការណ៍ប្រចាំថ្ងៃ ដែលផ្សព្វផ្សាយនៅលើ Fresh News។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២២ ដែលទើបនឹងឆ្លងផុតថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២,៩៨០លើក នៅទូទាំងប្រទេសកម្ពុជា និងបណ្តាលឱ្យមនុស្ស ១,៧០៩នាក់ស្លាប់ , ៤,០២៦នាក់ រងបួស (ក្នុងនោះមនុស្ស២,៥៧៩នាក់ បានរងរបួសធ្ងន់)។

ឆ្នាំ២០២២ ជាឆ្នាំដែលកម្ពុជាបើកដំណើរការសេដ្ឋកិច្ច សង្គម និងសកម្មភាពផ្សេងៗឡើងវិញ។ គ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនបានបង្កឡើងដោយសារតែកត្តាល្មើសល្បឿន ស្រវឹង ល្មើសសញ្ញាចរាចរណ៍ ព្រមទាំងកត្តាផ្សេងទៀតជាដើម។

តាមរយៈរបាយការណ៍ ក៏បានឱ្យដឹងថា រយៈពេលមួយឆ្នាំ២០២២ មានរថយន្ត និងម៉ូតសរុប ១៥០,៣៧៧គ្រឿង ត្រូវបានផាកពិន័យ។ ក្នុងនោះមានរថយន្តចំនួន ២៨,៧២៨គ្រឿង និងម៉ូតូចំនួន១២១,៦៤៩គ្រឿង។

កាលពីឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ន២ ៦៧០លើក ខណៈអ្នកស្លាប់បាត់បង់ជីវិតមានចំនួន១ ៤៩៧នាក់ និងមានអ្នករងរបួស ចំនួន ៣ ៦១៥នាក់។

គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២ មានការកើនឡើងច្រើនជាងឆ្នាំ២០២១ និងឆ្នាំ២០២០៕