(កណ្ដាល)៖ លោក ហ៊ុល ប៊ុនថា អនុប្រធានទទួលបន្ទុកជួយប្រធានសម្របសម្រួល ក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល តំណាងលោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងលោក លី សារុន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានឃុំបាក់ដាវ តំណាងលោកបណ្ឌិត ឈឹម សារ៉េត ប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយមូលដ្ឋានឃុំកំពង់ចំលង និងឃុំបាក់ដាវ និងសហការី នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបានដាវ។

សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក លោកមេឃុំបាក់ដាវ និងមាតាបិតាសិស្សសរុបចំនួន ១,០៤០នាក់។

ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យ ហ៊ុន សែន បានដាវ មានសិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងនោះស្រីចំនួន ៥០៣ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់ សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ១១៦ នាក់ ក្នុងនោះស្រី៦៩នាក់។ លទ្ធផលសិក្សាឆ្នាំ២០២១-២០២២ កន្លងមកនេះ សម្រាប់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ មានចំនួន៨៩នាក់ ស្រី៥៣នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន៨៤នាក់ ស្មើនឹង៩៤.៣៨ភាគរយ ស្រី៥១នាក់ ស្មើនឹង៩៦.២៣ភាគរយ។

គណៈអធិបតី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដែលទទួលបានលទ្ធផលល្អ មានបេក្ខជនប្រឡង ជាប់ជាង ៩៤ ភាគរយ និងសិស្សថ្នាក់ទី៩ ដែលប្រឡងជាប់សិស្សពូកែថ្នាក់ខេត្ត ផ្នែកគណិតវិទ្យាចំនួន០២នាក់ (ចំណាត់ថ្នាក់លេខ១ និងលេខ៣) និងម្នាក់ទៀតប្រឡងជាប់សិស្សពូកែថ្នាក់ជាតិ (ទូទាំងប្រទេស) ផ្នែកគណិតវិទ្យាដែរ ទទួលបានចំណាត់ថ្នាក់លេខ៤។

ក្នុងឱកាសនោះ លោក ហ៊ុល ប៊ុនថា តំណាងលោកបណ្ឌិត កៅ ថាច បានឧបត្ថម្ភសៀវភៅសរសេរ និងប៊ិក ជូនដល់សិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរចំនួន០២ក្បាល និងប៊ិកចំនួន២ដើម គិតជាថវិកាស្មើនឹង ២,៧៩៣,៧៦០រៀល និងឧបត្ថម្ភសម្រាប់រៀបចំកម្មវិធីចំនួន ៤,៥០០,០០០រៀល។ គណៈអធិបតី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនលោកគ្រូអ្នកគ្រូ និងសិស្សពូកែថ្នាក់ជាតិ និងថ្នាក់ខេត្តផងដែរ។

ក្នុងថ្ងៃដដែលនេះផងដែរ លោក បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាអនុប្រធានក្រុមការងារចលនាយុវជន តំណាងលោកបណ្ឌិត កៅ ថាច និងសហការី បានចូលរួមក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រែកលួង។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក ក្រុមប្រឹក្សាឃុំ និងមាតាបីតាសិស្សសរុបចំនួន ១ ៤៧០ នាក់។

ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យព្រែកលួង មានសិស្សានុសិស្សសរុបចំនួន ១ ៣៥៥ នាក់ ក្នុងនោះស្រីចំនួន ៧៦១ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ៣២៦ នាក់ ក្នុងនោះស្រី ១៦៩ នាក់។ លទ្ធផលសិក្សាឆ្នាំ២០២១-២០២២ កន្លងទៅ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ មានចំនួន ២៦៩ នាក់ ស្រី ១៥៥ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ២០៨ នាក់ ស្មើនឹង ៧៧.៣២ ភាគរយ ស្រី១២០ នាក់ ស្មើនឹង ៧៧.៤១ភាគរយ។

លោកគណៈអធិបតី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដែលទទួលបានលទ្ធផលល្អ មានបេក្ខជនប្រឡងជាប់ជាង ៧៧ ភាគរយ ដែលនេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់វិទ្យាល័យព្រែកលួង មាតាបីតា និងអាណាព្យាបាលសិស្ស។

គណៈអធិបតីបានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ឲ្យខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូអ្នកគ្រូ ក្នុងការទទួលយកនូវចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ដោយត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ លោកគណៈអធិបតី ក៏មានជំនឿជឿជាក់ថា ក្មួយៗសិស្សានុសិស្ស នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពិសេសក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ឆ្នាំនេះ នឹងប្រឡងជាប់បានច្រើន និងទទួលបាននិទ្ទេសល្អ។

ក្នុងឱកាសនោះ លោក បាន លឹម តំណាងលោកបណ្ឌិត កៅ ថាច បានឧបត្ថម្ភសៀវភៅសរសេរ និងប៊ិក ជូនដល់សិស្សានុសិស្សសរុបចំនួន ១,៣៥៥ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរចំនួន០២ក្បាល និងប៊ិកចំនួន ០២ ដើម គិតជាថវិកាស្មើនឹង ៤,១១៤,២០០រៀល និងឧបត្ថម្ភសម្រាប់រៀបចំកម្មវិធីចំនួន ៤,៥០០,០០០រៀល៕