(ស្វាយរៀង)៖ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មានភ្ញៀវទេសចរជិត៥ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តស្វាយរៀង។

លោក វ៉ាន់ សារ៉ាត បានបន្តថា ស្ថិតិចំនួនភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យឆ្លងឆ្នាំសកល រយៈពេល២ថ្ងៃ មានចំនួនសរុបប្រមាណ ៤៨,២០០នាក់ ស្រី២៤,២៨៧នាក់។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្តការពារខ្លួនពីជំងឺកូវីដ១៩។ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ។

លោកបានបញ្ជាក់ថា ខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ ដែលមានរោងចក្រសហគ្រាសជាច្រើនកន្លែងស្រូបយកកម្មកររាប់ម៉ឺននាក់ កំពុងបម្រើការងារ ដែលធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការដើរលេងកម្សាន្ត ជាពិសេសបាននាំគ្នាជួបជុំនៅមាត់ច្រាំងទន្លេវ៉ៃគោ ច្រាំងតាបុល ដែលអាជ្ញាធរខេត្តបានស្ថាបនាឡើងមានទាំងកន្លែងហាត់ប្រាណបង្ករភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋផងដែរ៕