(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាចុងសប្ដាហ៍ទៅនេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន សរុបជាង១ពាន់នាក់ នៅស្រុកចំនួន២ គឺស្រុកមុខកំពូល និងស្រុកកៀនស្វាយ ដោយពាំនាំនូវសារពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំនាវាកម្ពុជា ពីបាតដៃទទេរហូតមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។

នាឱកាសនោះដែរ អភិបាលខេត្តកណ្ដាល បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងប្រទេស រហូតមានសមិទ្ធផលជាច្រើន បម្រើឱ្យផលប្រយោជន៍សាធារណៈ ដូចអ្វីដែលយើងបាននិងកំពុងឃើញនាពេលបច្ចុប្បន្ន និងបានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខសប្បាយ មានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យកិច្ចដំណើរការអភិវឌ្ឍ នៅក្នុងមូលដ្ឋានខេត្តប្រព្រឹត្តិទៅដោយរលូនតាមផែនការគ្រោងទុក ដែលនាំឱ្យខេត្តមានការប្រែមុខមាត់ថ្មី មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងប្រទាក់ក្រឡា, មានព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិ 4F តេជោក្រុងតាខ្មៅ, មានសួនច្បារ, ភ្លើងបំភ្លឺផ្លូវ, ស្ពាន, អគារមន្ទីរពេទ្យ, សាលារៀន, វត្តអារាម, សំណង់អគារបម្រើប្រយោជន៍ សេវារដ្ឋបាល និងសេវាសង្គម និងសំណង់អគារធំៗ កំពុងរីកស្គុះស្គាយ រួមជាមួយនឹងគម្រោងអភិវឌ្ឍជាច្រើនទៀត ដែលនឹងលេចរូបរាងលើទឹកដីខេត្តកណ្តាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។

សូមជម្រាបជូនជ្រាបថា ការចុះជួបសំណេះសំណាល និងនាំផ្ញើសារពីភាពជោគជ័យក្រោមដំបូលនៃសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នេះ គឺស្ថិតក្នុងឱកាសនៃការរៀបចំពិធីបុណ្យសម្ពោធមហាឆ្លងកុដិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ ឡើងជាព្រះគ្រូវិសុទ្ធីសីលសំវរនៅស្រុកកៀនស្វាយ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិព្រះកែវមណី និងពុទ្ធាភិសេក ស្ថិតក្នុងវត្តកែវមណីជោតិ (ហៅវត្តរកាកោងក្រៅ) ស្ថិតនៅស្រុកមុខកំពូល នាពេលថ្មីៗនេះ៕