(កំពង់ធំ)៖ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងនិពន្ធសៀវភៅសម្តេចទាំងទ្វេ និងជាប្រធានបណ្តាញសង្គមស៉ីវិលកម្ពុជា (CCN) បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានជ្រៅជ្រះ ដើម្បីមានអនាគតល្អ ជាពិសេសក្លាយជាសសរទ្រូង និងធនធានមនុស្សដ៏រឹងមាំសម្រាប់សង្គមជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។

ការផ្តាំផ្ញើបែបនេះរបស់លោក ទុំប៉ែន វីរៈវិទូ បានធ្វើឡើងក្នុងឱកាសលោករួមជាមួយអាជ្ញាធរស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នាវិទ្យាល័យប្រាសាទសបូរ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ លោកបានលើកឡើងអំពីសារៈសំខាន់នៃការសិក្សារបស់យុវជន និងការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដែលជាឪពុក ម្ដាយទី២ ក្នុងការចូលរួមកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាដើម។

លោក ទុំប៉ែន វីរៈវិទូ បានបន្ថែមទៀតថា ក្នុងនាមជាយុវជន និងសិស្សានុសិស្ស ត្រូវប្រឆាំងដាច់ខាតចំពោះការប្រេីប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញសង្គមជាតិ ក្រុមគ្រួសារ និងអនាគតរបស់យុវជនរូបណាដែលប្រើប្រាស់វាដោយមិនរើសមុខ។

បន្ថែមពីនេះ លោក ទុំប៉ែន វីរៈវិទូ បានបញ្ជាក់ថា ប្រសិនបើសិស្សានុសិស្សបានឃើញនូវការប្រើប្រាស់គ្រឿងញៀន ត្រូវហ៊ានរាយការណ៍ជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដី ដេីម្បីឱ្យសមត្ថកិច្ចចាប់ជនប្រព្រឹត្តបទល្មើសទាំងនោះមកចាត់ការតាមផ្លូវច្បាប់។

លោកក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបង្រៀនសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី សម្រាប់ការចូលរួមអភិវឌ្ឍជាតិ និងចូលរួមការការពារសន្តិភាពដែលកសាងយ៉ាងបាករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងរឹតបន្តឹងវិន័យឱ្យកាន់តែល្អ។

បើតាមលោក កុច ស៊ុនហូ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ បានលេីកឡេីងអំពីប្រវត្តិសាលាអនុវិទ្យាល័យប្រាសាទសបូរ មានអាយុកាល៤១ឆ្នាំមកហេីយ ដែលក្នុងនោះចន្លោះឆ្នាំ១៩៨៦-១៩៨៩ លោកធ្លាប់ធ្វេីជានាយកសាលា ហេីយបច្ចុប្បន្នលោក ធុន សារ៉ន ជានាយកសាលា។ មុនឆ្នាំ១៩៧៩ ឃុំសំបូរ ស្រុកកំពង់ស្វាយ (បច្ចុប្បន្ន ស្រុកប្រាសាទសំបូរ) គឺមានតែសាលានេះមួយទេដែលរៀនដល់អនុវិទ្យាល័យ ហេីយជំនាន់ឪពុក ម្ដាយ លោកតា លោកយាយ របស់ចៅៗ គឺគ្មានឱកាសបានរៀនសូត្រនោះទេ ទេីបមកដល់សម័យសម្តេចតេជោ ហ៊ុន សែន ទេីបប្រជាជនមានឱកាសបានសិក្សារៀនសូត្រគ្រប់ៗគ្នា និងមានទូរស័ព្ទប្រេីប្រាស់សម្រាប់បម្រើដល់ការសិក្សា នាសម័យបច្ចេកវិទ្យាទំនើប។

លោក ធុន សារ៉ន នាយកសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈធិបតីដែលបានផ្ដល់កិត្តិយសចូលរួមក្នុងកម្មវិធីបេីកបវេសនកាលឆ្នាំថ្មីនេះ ឆ្នាំ២០២២-២០២៣។ យេីងខ្ញុំព្រមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសូមដឹងគុណសម្ដេចតេជោ ហ៊ុន សែន អរគុណសន្តិភាព និងការអភិវឌ្ឍ៕