(កំពង់ធំ)៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគអនាគតជាតិ។

លោកអភិបាលស្រុកបានអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន នៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា សូមសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសន កាលឆ្នាំសិក្សាថ្មី នៅទូទាំងកម្ពុជា នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ សាររបស់សម្តេចតេជោ ហ៊ុន សែនក៏បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីសាមគ្គីភាព ភក្តីភាព និងមុះមុត ក្នុងការឧបត្ថម្ភគាំទ្រ និងធានាផ្តល់នូវការរៀនសូត្រ តាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ ។

ជាមួយនេះផងដែរ លោកបានជំរុញមាតាបិតា អាណាព្យបាលត្រូវចូលរួមឲ្យបានសកម្មជាមួយសាលារៀន ក្នុងការលើកកម្ពស់ការសិក្សារបស់បុត្រធីតារបស់ខ្លួន និងជួយតាមដានការសិក្សាទាំងនៅផ្ទះ និងនៅសាលារៀន ហើយសិស្សានុសិស្សគ្រប់គ្នាត្រូវធ្វើខ្លួនជាមនុស្សមានវិន័យ ជាគំរូដល់សិស្សប្អូន ជាទំពាំងល្អដើម្បីស្នងឫស្សី ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានក្លាយជាសិស្សពូកែ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ ដើម្បីជំរុញឲ្យខ្លួនយើងមានអនាគតល្អត្រចះត្រចង់ ហើយប្រទេសជាតិយើងមានការរីកចំរើនទៅបាន ក៏អាស្រ័យទៅលើធនធានមនុស្សសម្បូរបែបមានជំនាញពិតប្រាកដ ដែលកើតចេញពីការខិតខំពីសិស្សានុសិស្សនិងយុវជន។

លោកអភិបាលបានណែនាំដល់សិក្សានុសិស្សត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគតខ្លួន គ្រួសារ និងសង្គមជាតិ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង បងតូចបងធំ ព្រោះវានាំឲ្យខូចអនាគតខ្លួនឯង៕