(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញដល់អាណាព្យាបាល និងសិស្សានុសិស្សគ្រប់រូប ត្រូវវិនិយោគលើវិស័យអប់រំឲ្យបានទូលំទូលាយ ដើម្បីទទួលបានការអភិវឌ្ឍនូវធនធានមនុស្ស។

លោក សាយ គឹមឡម បានថ្លែងបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

លោកបានជំរុញមាតាបិតា អាណាព្យបាលត្រូវចូលរួមឲ្យបានសកម្មជាមួយសាលារៀន ក្នុងការលើកកម្ពស់ការសិក្សារបស់បុត្រធីតារបស់ខ្លួន និងជួយតាមដានការសិក្សាទាំងនៅផ្ទះ និងនៅសាលារៀន ហើយសិស្សានុសិស្សគ្រប់គ្នាត្រូវធ្វើខ្លួនជាមនុស្សមានវិន័យ ជាគំរូដល់សិស្សប្អូន ជាទំពាំងល្អដើម្បីស្នងឫស្សី ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានក្លាយជាសិស្សពូកែ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដជាយាន្តជំរុញឲ្យខ្លួនយើងមានអនាគតល្អត្រចះត្រចង់ ហើយប្រទេសជាតិយើងមានការរីកចំរើនទៅបាន ក៏អាស្រ័យទៅលើធនធានមនុស្សសម្បូរបែបមានជំនាញពិតប្រាកដ ដែលកើតចេញពីការខិតខំពីសិស្សានុសិស្សនិងយុវជន។

លោកក៏បានណែនាំដល់សិស្សានុសិស្សគ្រប់រូបត្រូវមានម្ចាស់ការក្នុងការសក្សា និងស្រាវជ្រៀវតាមរបៀបសម្បូរបែបតាមយុគសម័យឌីជីថល ដើម្បីខ្លួនឯងទទួលបាននូវចំណេះដឹងពិតប្រាកដជាធនធានមនុស្សប្រកបដោយគុណតម្លៃ ដើម្បីឆ្លើយតបទៅនឹង បំណិនសតវត្សទី២១ ជាពិសេសការលើកកម្ពស់យេនឌ័រ។

លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ Room to read ដែលតែងតែជាដៃគូដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសការជួយលើកកម្ពស់យេនឌ័រ និងការជួយជ្រោមជ្រែងដល់វិទ្យាល័យរស្មីសោភ័ណកន្លងមក និងបន្តទៅទៀត។

ក្នុងឱកាសនេះ លោកអភិបាលស្រុកស្ទោងក៏បានជួយឧបត្ថម្ភនូវថវិកាចំនួន ២,៧០០,០០០រៀល ហើយក្នុងនោះមានថវិកាផ្ទាល់ខ្លួនលោកចំនួន៥០០,០០០រៀលផងដែរ៕