(ព្រះវិហារ)៖ សាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការណ៍ពីមន្ទីរពាណិជ្ជកម្មនិង គណៈអភិបាល ស្រុក ឆែប និងស្រុកជាំក្សាន្ត បានចុះធ្វើការផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារ នៅ៤កន្លែងក្នុងរយៈពីរថ្ងៃ​ជាប់ៗគ្នា គឺនៅសាលាស្រុកឆែប ផ្សារឆែប ផ្សារជាំក្សាន្ត និងវិទ្យាល័យស្រអែម ក្នុងទឹកដីខេត្តព្រះវិហារ។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានអោយដឹងថា ការផ្សព្វផ្សាយនេះ បានលើកយកប្រធានបទសំខាន់ៗមួយចំនួនក្នុងគោលបំណង ណែនាំដល់អ្នកនាំចូល អ្នកផលិត អ្នកចែកចាយម្ហូបអាហារ អោយមានការយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុគីមី ហាមឃាត់ក្នុងម្ហូបអាហារ រួមទាំងការទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងការនាំចូលផលិត និងចែកចាយ ចំណីអាហារពុំមានសុវត្ថិភាពជាដើម។ វគ្គផ្សព្វផ្សាយ ក៏បានអប់រំដល់ប្រជាជន សិស្សានុសិស្សក្នុងស្រុកទាំងពីរ អំពីអនាម័យចំណីអាហារ របៀបជ្រើសរើសចំណីអាហារ អោយប្រកបដោយសុវត្ថិភាព និងសារៈសំខាន់នៃអំបិលអ៊ីយ៉ូតផងដែរ។

លោក ដួង មុនី ក៏បានឲ្យដឹងដែរថា តាមរយៈកម្មវិធីផ្សព្វផ្សាយ និងត្រួតពិនិត្យទនិញខូចគុណភាព លើទីផ្សារ ក្រុមការងារក៏បានរកឃើញ និងរឹបអូសទំនិញហូបចុកខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ក្នុងផ្សារ ជាំក្សាន្តមួយចំនួន និងធ្វើការដុតកំទេចចោលភ្លាមៗ នៅនឹងកន្លែង ដែលមានមន្ត្រីស្រុកជាំក្សាន្ត និងមន្រ្តីមន្ទីរពាណិជ្ជចូលរួម៕