(ឧត្តរមានជ័យ)៖ អាជ្ញាធរស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាដើមឈើប្រណិត និងដើមផ្កាចម្រុះ ដែលដាំសង្ខាងផ្លូវជាតិ៦៨ ចាប់ពីព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដល់ព្រំប្រទល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងភូមិសាស្ត្រស្រុកចុងកាល់ បន្តាប់ពីដើមឈើ និងដើមផ្កានៅចំណុចខ្លះ ត្រូវបានភ្លើងឆេះជាបន្តបន្ទាប់។

លោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថា ក្នុងទិសដៅលើកសោភ័ណ្ឌភាពតាមដងផ្លូវជាតិលេខ៦៨ ក្នុងភូមិសាស្ត្រ ស្រុកចុងកាល់ អាជ្ញាធរបានដាំដើមឈើប្រណិតប្រភេទធ្នង់ និងដើមផ្កាចម្រុះមាន៖ ផ្កាសាឃូរ៉ា ផ្កាឌីយ៉ាថង ផ្កាក្ងោក ផ្កាភួងមង្គល ផ្កាត្របែកព្រៃ សរុបប្រមាណ៤៥០០ដើម ចាប់ពីព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដល់ព្រំប្រទល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ដើមឈើប្រណិត និងដើមផ្កាចម្រុះ ដែលដាំសង្ខាងផ្លូវជាតិលេខ៦៨ ក្នុងភូមិសាស្ត្រស្រុកចុងកាល់នេះ គឺចំណាយថវិកាប្រមាណ១០០លានរៀល រួមទាំងថ្លៃថែទាំ ដែលថវិកាទាំងនេះ បានមកពីអង្គការ GIZ និងសប្បុរជនមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ ហើយមានការចូលរួមដាំពីអាជ្ញាធរ ភូមិ ឃុំ ប្រជាការពារ និងប្រជាពលរដ្ឋផងដែរ។

លោកថា ដើមឈើនិងដើមផ្កាដែលដាំសង្ខាងផ្លូវនេះ ត្រូវបានភ្លើងឆេះជាច្រើដងមកហើយ ជាក់ស្តែងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក៏ត្រូវភ្លើងឆេះដែរ តែសមត្ថកិច្ច អាជ្ញាធរចុះអន្តរាគមន៍ជួយពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យបាញ់ទឹកកុំឱ្យឆេះរាលដាលតទៅទៀត។

លោកថា មូលហេតុដែលឆេះ គឺបណ្តាលមកពីការទ្វេសប្រហែសរបស់ប្រជាពលរដ្ឋ ដូចជាកាបោះកន្ទុយការី ការអុជយកសត្វ ការអាំងត្រី...ជាដើម ហើយលោកអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា ដោយបញ្ឈប់សកម្មភាពអចេតនាទាំងនេះ៕