(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ នូវសៀវភៅចំនួនពីរគឺ៖ ១) កសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប និង២) កម្ពុជា និងការបើកទីផ្សារពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ពិធីនេះ បានរៀបចំធ្វើឡើង នាទីស្ដីការក្រសួងពាណិជ្ជកម្ម។
នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត ក៏បានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ (Single Digital Platform) ដែលក្នុងនោះរួមមាន គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal), ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់ដើមកំណើតទំនិញ (Self-Certification) និងប្រព័ន្ធផ្ទៀងផ្ទាត់ដើមកំណើតទំនិញជាអន្តរជាតិ (Rule of Origin International Verification System) ដើម្បីជាជំនួយដល់ធុរជន ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ដែលកម្ពុជា ជាប្រទេសហត្ថលេខី។
ពិធីសម្ពោធនេះ ក៏មានការចូលរួមផងដែរពី លោក David Ray នាយក CAP RED Facility, ប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅទីក្រុងភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
សៀវភៅទាំងពីរខាងលើ ត្រូវបានរៀបរៀងឡើងដោយមានការគាំទ្រ ពីកម្មវិធីរបស់អូស្ត្រាលី ខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ដែលបានបញ្ចប់ទៅខណៈដែលថ្នាលឌីជីថលតែមួយ នឹងត្រូវបានគាំទ្រក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយទៀត របស់ប្រទេសអូស្ត្រាលី គឺ ភាពជាដៃគូកម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកកិច្ចប្រកបដោយភាពធន់ (CAP RED)។
សៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្រូវការទីផ្សារ, តម្រូវការរបស់អ្នកប្រើប្រាស់, វិធានការអនាម័យ និងភូតគាមអនាម័យ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយផ្សេងទៀត, ការប្រើប្រាស់ផលិតផល, ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពល។
ដំណាំ និងកសិផលដែលបានបញ្ចូល ក្នុងសៀវភៅស្រាវជ្រាវនេះរួមមាន៖ ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មានប៉ៃលិនស្ករត្នោត ចេកផ្លែបឺរ ល្ង និងផ្លែឈើកែច្នៃ។ ព័ត៌មានទាំងនេះ ប្រសិនប្រើជាយុទ្ធសាស្ត្រ គឺមានសក្ដានុពលក្នុងការបង្កើតផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា។
សៀវភៅព័ត៌មានស្តីពី កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជាជាប្រទេសហត្ថលេខីមានជាអាទិ៍ កិច្ចព្រមព្រៀងអាសិប (Regional Comprehensive Economic Partnership – RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (Cambodia-People’s Republic of China FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (Cambodia-Republic of Korea FTA) ជាដើម។
សៀវភៅព័ត៌មាននេះ នឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។
ថ្នាលឌីជីថលតែមួយ គ្រោងអភិវឌ្ឍឡើងតាមលំអានរបស់គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលីផ្ទាល់ ហើយក៏នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់កម្ពុជា។
ថ្នាលឌីជីថលនេះ ក៏នឹងផ្តល់ព័ត៌មានផងដែរពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញដែលមានការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។
ឯកអគ្គរាជទូត Kang បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA), កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគសម្រាប់កម្ពុជា»។
លោកបន្ដថា «អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការជួយដល់ប្រទេសកម្ពុជានៅក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញ។ យើងសង្ឃឹមថា មគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយ ដែលនឹងអភិវឌ្ឍឡើងនាពេលខាងមុខ នឹងធ្វើឲ្យធុរជន/ពាណិជ្ជករ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ដែលមានប្រយោជន៍ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម»។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មវាយតម្លៃខ្ពស់ ចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធី CAP RED សម្រាប់ការគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ។
លោកបន្ដថា «គម្រោងនេះ នឹងជួយកម្ពុជាក្នុងការសម្រេចបានយ៉ាងពេញលេញ នូវការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀង ATIGA, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង RCEP»។
ភាគីទាំងពីរ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី ហើយនឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រួមទាំង ភាពជាដៃគូកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា អូស្រ្តាលី និងការគាំទ្រតាមរយៈកម្មវិធីពាណិជ្ជកម្ម ក្នុងតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D)។
គូសបញ្ជាក់ថា CAP RED គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសអូស្ត្រាលី នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ៨៧ លានដុល្លារអូស្រ្តាលី។ CAP RED នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការរៀបចំខ្លួនសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ការលើកកម្ពស់គោលនយោបាយ និងការអនុវត្តពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយបរិយាបន្ន និងកសាងប្រព័ន្ធដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ។
កម្មវិធីនេះ ក៏នឹងគាំទ្រដល់កំណើនសហគ្រាសធុនតូច និងមធ្យម (ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី), លើកកម្ពស់ការកែច្នៃកសិផល និងគាំទ្រខ្សែសង្វាក់តម្លៃកសិកម្ម, ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យសាធារណៈ ឯកជន និងស្រាវជ្រាវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវនវានុវត្តន៍កសិម្ហូបអាហារ និងស្តង់ដារម្ហូបអាហារ, ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានបច្ចេកវិទ្យា, ហិរញ្ញវត្ថុ និងផលិតភាព ប្រកបដោយគុណភាព, និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីកែលម្អរការប្រើប្រាស់ថាមពល។ CAP RED ផ្តោតយ៉ាងខ្លាំងលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម នៅគ្រប់សកម្មភាពរបស់ខ្លួន៕