(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជាបានបន្តបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន១៥នាក់ ដែលជាកម្លាំងនាំមុខចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករង តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួនទៀត នៅព្រលានយន្តហោះ VIP។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី, ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ ក្រើនរំឮកដល់កងកម្លាំងមួកខៀវកម្ពុជា ដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្តថា ការបញ្ជូនកងកំទេចគ្រឿងផ្ទុះលេខ៩៨ កម្លាំងនាំមុខចំនួន១៥នាក់ នាពេលនេះ
សបញ្ជាក់ពីទំនុកចិត្តដែលទទួលបានពីក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនប្រទេសដែលរងដោយជម្លោះដូចបណ្តាកងមុនៗដែរ ដែលទទួលបានទំនុកចិត្តពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានក្រើនរំឮកដល់កងកម្លាំងទាំងអស់គ្នា បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដូចអនុសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ «ទៅគ្រប់ មកគ្រប់» និងប្រសាសន៍លើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន «សាមគ្គីរស់ បែកបាក់ សាមគ្គីស្លាប់» រួមទាំងប្រសាសន៍លើកឡើងរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី «ស៊ូហូរញើសនៅលើទីលាន ជាជាងហូរឈាមនៅលើសមរភូមិ» ជាពិសេសពេលឡើងយន្តហោះត្រូវមានម្ចាស់ការលើសម្ភារៈខ្លួនឯង ត្រួតពិនិត្យ ឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវនាំយកវត្ថុហាមឃាត់ឡើងលើយន្តហោះឡើយ និងត្រូវចេះរៀបចំអង្គុយជាក្រុម។ អ្នកចេះភាសាអង់គ្លេស ដើម្បីជួយទំនាក់ទំនងជាមួយពហុនិកា និងក្នុងការបំពេញបែបបទ ឯកសារនៅពេលមានតម្រូវការ។
បន្ថែមពីលើនេះ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានណែនាំដល់កម្លាំងទាំងអស់ ត្រូវគិតពីសុវត្ថិភាពជាចម្បងពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទ ពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែល បានកើតមានឡើង ដើម្បីសម្រេចបាន ជោគជ័យជូនជាតិ មាតុភូមិ ក្រុមគ្រួសារ និងខ្លួនយើងផ្ទាល់។
គួរឱ្យដឹងថា កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន១៥នាក់នេះ មានតួនាទីភារកិច្ចក្នុងការទំនាក់ទំនងជាមួយមន្ត្រី អង្គការសហប្រជាជាតិ ស៉ីវិល និងយោធា គ្រប់បណ្តាលការិយាជំនាញនានា និងមានតួនាទីទទួលខុសត្រូវក្នុងការរៀបចំជំរុំបន្ទាយ និងទទួលយោធបរិក្ខារ រថយន្ត និងគ្រឿងចក្ររបស់កងកម្ទេចគ្រឿងផ្ទុះកម្ពុជា ដែលគ្រោងទៅដល់រដ្ឋធានី BANGUI នៅដើមខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។
កងកម្ទេចគ្រឿងផ្ទះលេខ៩៨ បានចាប់ផ្ដើមហ្វឹកហ្វឺនកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយបានបញ្ចប់ការហ្វឹកហ្វឺននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ និងបានធ្វើការរំលឹកការហ្វឹកហ្វឺនឡើងវិញចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ជាមួយគ្នានេះផងដែរយោធបរិក្ខា រថយន្ត និងគ្រឿងចក្ររបស់កងកម្ទេចគ្រឿងផ្ទុះកម្ពុជាបានបញ្ចូនចេញពីកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ទៅកាន់តំបន់បេសកកម្មរក្សាសន្តិភាព អ.ស.ប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានឆ្លងកាត់កំពង់ផែអន្តរជាតិ Douala ប្រទេស Cameroun កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២។
ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕