(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់មន្រ្តីមួយចំនួនត្រូវកែប្រែឥរិយាបថ ក្នុងការងារបម្រើសេវាជូនប្រជាពលរដ្ឋ និងត្រូវប្រញាប់ដោះស្រាយប្រសិនបើប្រជាពលរដ្ឋ មានបញ្ហាផ្សេងៗ នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

ការក្រើនរំឮកបែបនេះ របស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោក និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផល វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានបន្តថា ការរៀបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បញ្ហាសំណើរ សំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកមកដោះស្រាយ ព្រោះនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលតម្រូវឱ្យមន្ត្រីទាំងអស់ ត្រូវតែខិតខំធ្វើការងារឱ្យអស់ពីចិត្តពីថ្លើម និងដោយស្មោះត្រង់បំផុតជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ជាពិសេសការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋបានផ្ដល់ប្រាក់បៀវត្សឱ្យមន្ត្រីរាជការតាមរយៈរាជរដ្ឋាភិបាល ដូច្នេះ មន្ត្រីរាជការត្រូវតែខិតខំធ្វើការ បម្រើប្រជាពលរដ្ឋ ពោលគឺន្ទាប់ពីបានទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋ ត្រូវតែយកមកដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស។ ម្យ៉ាងទៀត រាល់ផែនការដែលបានដាក់ចេញ គឺត្រូវតែអនុវត្តន៍ ដូច្នេះ មន្ត្រីទាំងអស់ត្រូវតែរួមគ្នាខិតខំដោះស្រាយគ្រប់បញ្ហា បើទោះជា តូច ឬធំក៏ដោយ ត្រូវតែយកមកដោះស្រាយឱ្យបានឆាប់រហ័ស ចៀសវាងបញ្ហាតូចក្លាយជារឿងធំ»។

លោកអភិបាលខេត្ត បានលើកឡើងថា ចំពោះខេត្តកំពង់ចាម ថ្នាក់ដឹកនាំបានកោតសរសើរ ដល់អាជ្ញាធរខេត្ត ដែលបានខិតខំដោះស្រាយគ្រប់បញ្ហាជូនប្រជាពលរដ្ឋ ធ្វើឱ្យរហូតដល់ពេលនេះ មានសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋត្រឹមតែ១៩ ករណីប៉ុណ្ណោះ ខណៈខេត្តនេះមានប្រជាពលរដ្ឋច្រើន ដល់ទៅជាង១លាននាក់ បើប្រៀបធៀបទៅនិងខេត្តផ្សេងៗ មានប្រជាជនតិចតែកើតមានបញ្ហាច្រើនមិនទាន់បានដោះស្រាយ។

បន្ថែមពីនព លោក អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា បញ្ហារបស់ប្រជាពលរដ្ឋកើតឡើងនាពេលកន្លងមក មានដូចជា៖ បញ្ហាក្នុងក្រុមគ្រួសារ បញ្ហាព្រំដី ករណីសុំបើកផ្លូវជាដើម ដែលទាំងនោះជាករណីតូចៗ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្ត បានធ្វើការដោះស្រាយភ្លាមៗ ដោយមិនទុករឿងទាំងនោះឱ្យរីករាលដាលធំនោះឡើយ។ ដូច្នេះ សូមឱ្យមន្ត្រីទាំងអស់ រួមសហការគ្នា ដោយត្រូវកែប្រែឥរិយាបថ ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត៕