(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកថា កម្ពុជាជាប្រទេសបំភាយឧស្ម័នតិចបំផុត តែកម្ពុជាមានទំនួលខុសត្រូវខ្ពស់ លើផលប៉ះពាល់ផ្នែកបរិស្ថាន ហើយចូលរួមយ៉ាងសកម្មក្នុងការចូលរួម បន្ធូរបន្ថយនូវបញ្ហាបម្រែបម្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រីពាំណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងកម្មវិធីពិសារអាហារពេលល្ងាចរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ស្តីពីការសន្យាបៃតងរបស់អាស៊ាន «ASEAN’s Green Promise» កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលនានាលើពិភពលោក ដែលនឹងចែករំលែកគំនិតយោបល់នានា លើការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានអញ្ជើញឱ្យឡើងចែករំលែកទស្សនទានរបស់កម្ពុជា លើកិច្ចការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងការបម្រែបម្រួលអាកាសធាតុផងដែរ។
លោករដ្ឋមន្ត្រី បានគូសរំលេចពីក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ជាអវិជ្ជមាន បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងកាតព្វកិច្ចចម្បងក្នុងការចូលរួមការពារជនងាយរងគ្រោះនៅក្នុងសង្គម។
លោក ប៉ាន សូរស័ក្តិ បានរំលឹកពីការផ្តួចផ្តើមរបស់កម្ពុ ជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២កន្លង ដែលកម្ពុជាបានផ្តួចផ្តើមគំនិតបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន «ASEAN Green Deal» ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្នុងគោលបំណងដឹកនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង មានកម្រិតឧស្ម័នកាបូនិកទាប និងប្រកបដោយចីរភាព។ ការផ្តួចផ្តើមគំនិតនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ជាពិសេស ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹត្យភាពកាបូន (Carbon Neutrality)។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា គ្រប់វិស័យទាំងអស់គួរតែដើរទន្ទឹមគ្នាទាំងកម្មវិធី និងគម្រោងផ្សេងៗ សំដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបរិស្ថាន «Paris Agreement» និងនៅក្នុងកិច្ចប្រជុំ COP26 កន្លងមក។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានលើកបង្ហាញដែរថា ទោះបីកម្ពុជាជាប្រទេសបំភាយឧស្ម័នតិចបំផុតក៏ដោយ ក៏កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមបន្ធូរបន្ថយនូវបញ្ហាបម្រែបម្រួលអាកាសធាតុ។ ជាក់ស្តែង កម្ពុជាបានបែងចែកនូវកញ្ចប់ថវិកាមួយចំនួន សម្រាប់បម្រើឱ្យសកម្មភាពនានាពាក់ព័ន្ធនឹងអាកាសធាតុ និងបានដាក់រួមបញ្ចូលគ្នានូវថាមពលកកើតឡើងវិញ នៅក្នុងវិស័យថាមពលចម្រុះផងដែរ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មី ដែលគាំទ្រដល់បរិស្ថាន និងបានលើកទឹកចិត្តវិស័យហិរញ្ញវត្តុ ដើម្បីជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម សំដៅឆ្លើយតបទៅនឹង បម្រែបម្រួលអាកាសធាតុ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាផ្នែកមួយនៃអាស៊ាន និងកំពុងធ្វើការសហការគ្នាសំដៅរៀបចំយុទ្ធសាស្ត្រអាស៊ាន ស្តីពីអព្យាក្រឹត្យភាពកាបូន។ ជាក់ស្តែងនៅខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានទើបតែបានអនុម័តនូវឯកសារទស្សនទាន (Concept Note) សម្រាប់រៀបចំយុទ្ធសាស្ត្រខាងលើនេះរួចទៅហើយ នៅក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន ថាមពល និងកសិកម្ម ដែលជាកិច្ចប្រជុំអមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ បច្ចុប្បន្ន កម្ពុជា ស្ថិតលើមាគ៌ាឆ្ពោះទៅរកប្រទេសមានអព្យាក្រឹត្យភាពកាបូន៕