(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានហៅលោក ហូរ វ៉ាន់ ឲ្យវិលចូលស្រុកវិញ ដោយសម្ដេចលើកលែងទោសឲ្យថែមទៀត ហើយសម្ដេចគ្រាន់តែប្រាប់ថា កុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម។

ក្នុងការអញ្ជើញចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សេចក្ដីត្រូវការរបស់សម្ដេច គឺកម្ចាត់តែអ្នកដឹកនាំជ្រុលនិយមតែម្នាក់ប៉ុណ្ណោះ ក្រៅពីនោះផ្ដាច់ខ្លួនមកសម្ដេចលើកលែងទោសឲ្យ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាវ៉ាន់ អញផ្ដាំទៅអើយមកស្រុកមក ហែងទៅតាមគេធ្វើអី ​មកអញលើកលែងទោសឲ្យឲ្យតែឯងចង់មក។ ព្រោះសេចក្ដីត្រូវការរបស់ខ្ញុំ ខ្ញុំកម្ចាត់តែអាចអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះផ្ដាច់ខ្លួនចេញមកលើកលែងទោសឲ្យ និយាយគ្នាឲ្យច្បាស់អញ្ចឹង»

សូមរំលឹកថា សាលាឧទ្ធរណ៍កម្ពុជា បានសម្រេចតម្កល់សាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ជុំវិញការកាត់ទោស លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក គង់ សុភា និងលោក សេង ម៉េងប៉ុនរ៉ុង ទៅជាសមាជិកក្រុមប្រឆាំង ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល។

ទន្ទឹមនឹងនេះ ក្នុងសំណុំរឿងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្ដិសុខសង្គមដដែលនេះ សាលាឧទ្ធរណ៍ ក៏បានតម្កល់សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ កាត់ទោសសកម្មជន១០រូបផ្សេងទៀត ឲ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ប៉ុន្តែពួកគេត្រូវបានព្យួរទោសមួយចំនួន។ ដោយឡែកសម្រាប់ លោក ហុង លីម ហៅ ហុង មុយលីម វិញត្រូវបានតុលាការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់។

ពីលើវេទិកាក្នុងកម្មវិធីនៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ផ្ដាំផ្ញើដល់ក្រុមអ្នកគាំទ្រពួកជ្រុលនិយមដែលកំពុងនៅក្រៅប្រទេស នៅពេលធ្វើសកម្មភាពអ្វីផ្សេងៗ ត្រូវប្រយ័ត្នប្រយែង ព្រោះសម្ដេចដឹងគ្រប់សកម្មភាពទាំងអស់ សូម្បីតែអ្នកផឹកស្រាក្រហម និងដឹកស្ដ្រីមេម៉ាយ ចេញពីវត្តភ្នំសិរីនៅអាមេរិក ម៉ោង១២យប់ក៏សម្ដេចដឹងដូចគ្នា។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហើបទៀតថា បុគ្គលម្នាក់នៅក្នុងក្រុមជ្រុលនិយមនោះ ដឹងតែពីលេងល្បែងនៅក្នុងកាស៉ីណូ។ បុគ្គលនោះ បើទោះបីសម្ដេចមិនបញ្ចេញឈ្មោះ តែគេដឹងស្រាប់ទៅហើយ គឺលោក អេង ឆៃអ៊ាង ដែលត្រូវបានគេទម្លាយរូបជាបន្ដបន្ទាប់ពេលកំពុងលេងល្បែងនៅក្នុងកាស៉ីណូ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់អ្នកដែលតែងជេរប្រមាថសម្ដេចតាមបណ្ដាញសង្គម ឲ្យប្រុងប្រយ័ត្នខ្លួន ប្រសិនបើនៅក្នុងប្រទេសនោះ ច្បាស់ណាស់រត់មិនរួចនោះទេ។ សម្ដេចក៏បានប្រាប់ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកបច្ចេកវិទ្យា ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ និងដើម្បីកំណត់ថា តើអ្នកដែលជេរប្រមាថនោះ នៅក្រៅប្រទេស ឬនៅក្នុងប្រទេស? ហើយបើរកឃើញថា នៅក្រៅប្រទេស ត្រូវបន្ដស្រាវជ្រាវក្រុមគ្រួសារនៅក្នុងស្រុកជានរណា ដើម្បីទៅណែនាំ៕