(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានបើកយុទ្ធនាការបន្តចុះរឹតបន្តឹងត្រួតពិនិត្យ​រកសសារជាតិ​ស្រវឹង និងរកសារធាតុញៀននៅលើអ្នកបើកបរ​យានយន្ត​ ព្រមទាំងត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ និងល្បឿន​ ដេីម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា យុទ្ធនាការនេះ គឺធ្វើយ៉ាងណាបង្កើនការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីឱ្យអ្នកបើកបរទាំងនោះគោរពច្បាប់ ជាពិសេសគោរពដល់អាយុវជីវិតខ្លួនឯង និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងឡាយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមស្នងការ គឺយើងបានចុះឆ្មក ដើម្បីធ្វើការត្រួតពិនិត្យទៅលើច្បាប់ចរាចរណ៍ផ្លូវគោក ទាំងសារជាតិស្រវឹង ទាំងសារធាតុញៀន និងការបើកបរដោយខុច្បាប់»

លោកស្នងការ បានគូសបញ្ជាក់ថា នេះគឺជាការរឹងបន្តឹងលើការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ហើយចាប់ពីថ្ងៃនេះទៅ គឺកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងធ្វើដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាឱ្យអ្នកបើកបរទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់៕