(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តលើកទឹកចិត្តឱ្យអ្នកវិនិយោគទីម័រ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញជំហរគាំទ្រប្រទេសទីម័រ ឱ្យក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ការគូសរំលេចខាងលើនេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបសម្តែងការគួរសមជាមួយលោក José Ramos-Horta ប្រធានាធិបតីទីម័រ នៅប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
ក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសជាផ្លូវការ ចំពោះការចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រឡេស្ដេ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ទៅនៅកម្ពុជា។
ជាមួយនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកបង្ហាញអំពីការតាំងចិត្តខ្ពស់របស់កម្ពុជា នៅក្នុងដំណើរការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រឡេស្ដេ។ ជាពិសេសកម្ពុជា គាំទ្រដំណើរការចរចានានា ដើម្បីទីម័រឡេស្ដេ អាចចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០២៣ តាមបំណងរបស់រដ្ឋាភិបាលទីម័រឡេស្ដេ។
បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញ អំពីយោបល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ទីម័រឡេស្ដេ វិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យស្រូវអង្ករ ក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរជួបពិភាក្សាទ្វេភាគីក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីទីម័រឡេស្ដេនៅកម្ពុជាក្នុងឆ្នាំ២០២២។
លោកប្រធានាធិបតីទីម័រឡេស្ដេ ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់កម្ពុជា ចំពោះទីម័រឡេស្ដេ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការកម្ពុជា-ទីម័រឡេស្ដេ ឱ្យរឹតតែជិតស្និទ្ធបន្ថែមទៀត ក្នុងការគ្រប់វេទិកាទាំងអស់៕