(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានលើកឡើងថា វិស័យអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាល បាននិងកំពុងផ្តោត ការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដែលបានឆ្លុះបញ្ចាំង នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងបណ្តាគោលបំណង គោលនយោបាយអភិវឌ្ឍន៍ជនបទនានា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីនេះ រៀបចំធ្វើឡើង នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះវិស័យអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដែលបានឆ្លុះបញ្ចាំង នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងបណ្តាគោលបំណងគោលនយោបាយអភិវឌ្ឍន៍ជនបទនានា»។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្ថែមទៀតថា រាជរដ្ឋាភិបាល ថែមទាំងបានធ្វើអន្តរាគមន៍ ទាំងផ្នែកសុខាភិបាល សង្គម និងសេដ្ឋកិច្ច សំដៅជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃនៃគ្រួសារក្រីក្រ ដែលភាគច្រើនជាកសិករ និងកម្មកររស់នៅតំបន់ជនបទ។
ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងថា ប្រការនេះ បាននិងកំពុងធ្វើឲ្យមានការរីកចម្រើន លូតលាស់លើគ្រប់វិស័យ ពិសេសធ្វើឲ្យស្ថានភាពជនបទកម្ពុជា មានការវិវត្តរីកចម្រើន គួរឲ្យកត់សម្គាល់ ដោយបាននិងកំពុងរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាជនជនបទបានថែមមួយកម្រិតទៀត។
លោកបន្ដថា ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងសេចក្តីត្រូវការដ៏ធំធេង និងធនធានមានកំណត់ យើងទទួលស្គាល់ថា ការងារអភិវឌ្ឍន៍ជនបទ នៅតែពុំទាន់ឆ្លើយតបបានសមស្របនៅឡើយ ទាំងផ្នែកបរិមាណ និងគុណភាព ថ្វីត្បិតតែមានដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាច្រើន បាននិងកំពុងរួមចំណែក ជាមួយរាជរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំក៏ដោយ។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ ផ្ទាល់នឹងបន្តជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍ ជនបទបន្ថែមទៀត សំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។
បើតាមរបាយការណ៍ អានដោយលោកបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ បានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទជំហានទី ២ (២០១៩-២០២៣) ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% ត្រឹមឆ្នាំ២០២៣ លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ។
គិតត្រឹមឆ្នាំ២០២១ កន្លងទៅ បើទោះជាស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រាគ្របដណ្តប់ លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ សម្រេចបានកើនឡើង រហូតដល់ជិត ៨០%។
សម្រាប់ឆ្នាំ២០២២ នេះ លទ្ធផលសម្រេចបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទ បានបន្តកើនឡើងរហូតដល់ជាង ៨០% ខណៈការជំរុញកំណើន នៃអត្រាទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត កើនឡើងប្រមាណ ២% និងអនាម័យនៅតំបន់ជនបទ កើនឡើងប្រមាណ ១.៥% ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០១៧៕