(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងការពេញចិត្តចំពោះភាពល្អប្រសើរបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣នេះ។
ជំនួបរបស់ប្រមុខការទូតប្រទេសទាំងពីរ បានធ្វើឡើងគ្រាដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ ២០២៣ផងដែរ។
«រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវការពេញចិត្តចំពោះភាពល្អប្រសើរបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងទ្វេភាគី ដែលត្រូវបានស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់យ៉ាងញឹកញាប់ ពិសេសដោយមានជំនួបកំពូលទ្វេភាគីចំនួន ០៤លើក រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីស៉ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នំាមុន»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីទំាងពីរមានជំនួបទ្វេភាគី ដោយបានពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ លើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។
ប្រទេសកម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងការទូតផ្លូវការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលរហូតមកដល់ពេលនេះមានរយៈពេល៧០ឆ្នាំហើយ។ ប្រទេសទាំងពីរបានឯកភាពគ្នា ដំឡើងកម្រិតទំនាក់ទំនងនេះ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលធ្វើឱ្យជប៉ុន ក្លាយទៅជាប្រទេសទី២ បន្ទាប់ពីប្រទេសចិន ដែលមានទំនាក់ទំនងជាមួយកម្ពុជា ក្នុងកម្រិតខ្ពស់បំផុត។
រដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍កិច្ចសហប្រតិបតិ្តការ និងទំនាក់ទំនងយ៉ាងសកម្មលើវិស័យសន្តិសុខ និងការពារជាតិ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច រវាងនាយទាហាននៃប្រទេសទំាងពីរ និងការចូលចតរបស់នាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា កាលពីឆ្នំាមុន។
រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការរីករាយចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានឈានទៅជិតដល់កម្រិតមុនវិបតិ្តជំងឺកូវីដ-១៩ ព្រមទំាងលំហូរយ៉ាងខ្លំាងនៃវិនិយោគ ពីប្រទេសជប៉ុនចូលមកកម្ពុជា ហើយលោករដ្ឋមន្ត្រីទំាងពីរ ក៏បានឯកភាពធ្វើការជិតស្និទ្ធជាមួយគ្នា ក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចដែលកំពុងរីកចម្រើន រួមទំាងការជំរុញឲ្យមានការហោះហើរផ្ទាល់ឡើងវិញ រវាងកម្ពុជា និងជប៉ុន៕