(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥» ការចុះហត្ថលេខានេះបានធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើងរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងគោលបំណងដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨.៨១៧ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារសហអាមេរិក តាមរយៈ «មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥» និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្នាក់ការអាជ្ញាធរមីន។
ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់រួមមានទី១៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦.៨៤៣.៧៤០ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ, ទី២៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧.១១០.៦៩៧ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី និងទី៣៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦.៣២៤.៣៨០ ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, ខេត្តពោធិ៍សាត់, និងខេត្តសៀមរាប។
ទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺផែនការបោសសម្អាតមីនក្នុងឆ្នាំ២០២៣នេះ គ្របដណ្តាប់ផ្ទៃដីមានមីនប្រមាណ ៤១១គីឡូម៉ែត្រក្រឡា។ ដូច្នេះ នៅក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន១៨ រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។
បន្ទាប់ទៅទៀតនឹងមានខេត្តចំនួន០៧ ក៏នឹងត្រូវដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន៖ ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ជាមួយគ្នានេះផងដែរ អាជ្ញាធរមីនមានភាពជឿជាក់ក្នុងការឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ ខាងមុខ៕