(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់ និងការខូចខាតដោយគ្រោះមហន្តរាយឆ្នាំ២០២២-២០២៣ និងការស្តារឡើងវិញ នៅតាមបណ្តាលខេត្តមួយចំនួន។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន តំណាងឱ្យលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស (គ.ជ.គ.ម.) និងមានវត្តមានលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្រ្តីបច្ចេកទេស នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ស្មារតីនៃកិច្ចប្រជុំបានលើកឡើងពីបច្ចុប្បន្នភាព ហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងដោយមនុស្សបានកើតមានជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងស្ទើរមាននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ហើយការប្រែប្រួលអាកាសធាតុក៏ជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជាផងដែរ។ ដូចជាការកើតមានព្រឹត្តិការណ៍អាកាសធាតុមិនប្រក្រតី ការកើនឡើងកម្តៅការថយចុះ នៃរបបទឹកភ្លៀងការពន្យាពេលនៃការចាប់ផ្ដើមធ្លាក់ភ្លៀង កម្ពស់ទឹកភ្លៀងរដូវស្សាកើនឡើងការផ្លាស់ប្តូររបបជលសាស្ត្រដែលបណ្ដាលឱ្យកម្រិតកម្ពស់ទឹក មានកកើតឡើងឱ្យមានទឹកជំនន់។ល។ ការបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់ និងនៅក្នុងពិភពលោកបានបង្កឱ្យកើតមានឡើងនូវគ្រោះធម្មជាតិដូចជា៖ គ្រោះទឹកជំនន់ គ្រោះវាំងស្ងួត ព្យុះ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ល។ ដែលបានធ្វើឱ្យខូចខាតដល់ ដ្ឋារចនាសម្ព័ន្ធសាធារណៈ ការបាក់ស្រុកខ្លាំងប៉ះពាល់ផលដំណាំកសិកម្ម និងអាយុជីវិតរបស់ប្រជាពលរដ្ឋស្ទើររៀងរាល់ឆ្នាំ។
លោក ហង្ស សាមឿន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ទៅដល់សាមីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីឆ្លើយតបទប់ស្កាត់ និងជួយសង្គ្រោះឱ្យបានទាន់ពេលវេលានូវហានិភ័យគ្រោះមហន្តរាយដែលបង្កឡើង ដោយធម្មជាតិ។
បន្ថែមពីនេះលោកបានបន្តថា ការបង្កើតឡើងនូវគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ បានចូលរួមចំណែកក្នុងសកម្មភាពការងារលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងធ្វើការសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការចុះពិនិត្យ និងវាយតម្លៃការប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងខែមករា ដើម្បីពិនិត្យលទ្ធផលក្នុងការឆ្លើយតប និងស្ដារឡើងវិញសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ អង្គការដៃគូជាតិ-អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រផែនការ និងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍។
សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម មានទិសដៅអនុវត្តបន្តជួសជុល ស្តារឡើងវិញ និងសាងសង់ប្រព័ន្ធធារាសាស្ត្រ និងកិច្ចដំណើរជួសជុល-ថែទាំប្រព័ន្ធធារាសាស្ត្រនៅតាម បណ្តារាជធានី-ខេត្ត ដើម្បីបង្កើនលទ្ធភាពស្រោចស្រពដល់ ដំណាំស្រូវ ដំណាំរួមផ្សំ ទប់ស្កាត់ទឹកជំនន់ និងទឹកប្រៃ ព្រមទាំងរក្សានិរន្តរភាពនៃលទ្ធភាពស្រោចស្រពផងដែរ។ បន្តពង្រឹង និងបង្កើតបន្ថែមនូវសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីចូលរួមក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រការគ្រប់គ្រងទឹក ចែកទឹក និងរក្សាប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរក្សាបានចីរភាព។
ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវចុងរដូវវស្សាឆ្នាំ២០២២ ពេលដែលជួបការរាំងស្ងួត ដើម្បីប្រឹក្សាយោបល់ និងទិន្នផលស្រូវជូនប្រជាកសិករ។ ចុះសិក្សាស្រាវជ្រាវលើការងារអភិវឌ្ឍន៍ និងគ្រប់គ្រងធនធានទឹកក្នុងក្របខ័ណ្ឌអាងទន្លេ ស្ទឹង ស្វាយចេក ស្ទឹងមង្គលបូរី ស្ទឹងដូនទ្រី ស្ទឹងបរិបូរណ៍ ជាពិសេសលើគម្រោងអាទិភាព និងគម្រោងពហុបំណងវារីអគ្គិសនីអគ្គីសនី និងការស្រោចស្រព។
យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាខាងលើនេះក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តាមសេចក្ដីសម្រេចលេខ០៣៧ សសរ ធទឧចុះថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២០ ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
គូសបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២-២០២៣ សហការជាមួយក្រសួងស្ថាប័នជំនាញ ក្នុងការជំរុញឱ្យអាជ្ញាធរមូលដ្ឋានណែនាំដល់ប្រជាកសិករ ក្នុងការបង្កបង្កើនផលស្រូវប្រាំង ឱ្យសមស្របទៅតាមធនធានទឹកដែលមាននៅមូលដ្ឋានរបស់ខ្លួន។
សហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងការពារជាតិ ក្នុងការត្រួតពិនិត្យមធ្យោបាយ សម្ភារៈ ឧបករណ៍សង្គ្រោះគ្រោះមហន្តរាយនៅតាមកងប្រតិបត្តិការរុករកទាំង១៦ និងពិនិត្យ បញ្ហាប្រឈមដែលកើតមាន។ ធ្វើការផ្សព្វផ្សាយអំពីយន្តការនៃការគ្រប់គ្រងគ្រោះអន្តរាយ និងអំពីតួនាទីភារកិច្ចរបស់មន្ត្រីគ្រោះមហន្តរាយថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់នៅតាមខេត្តគោលដៅ ដែលបានគ្រោងទុក។
សហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងក្នុងកម្មវិធីជាតិដែលកំពុងមានសកម្មភាព និងត្រៀមអនុវត្ត។
ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន សហប្រជាជាតិ និងអន្តរជាតិ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមក្របខ័ណ្ឌការងារសេនដោយ ២០១៥-២០២៣៕