(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានបំពេញការងារបានជោគជ័យ ក្នុងតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ។

លោក ឃួង ស្រេង លើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងការប្រកាសភារកិច្ច និងតែងតាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២៤រូប នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា «ភាពជោគជ័យ របស់រដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ គឺពិតជាបានមកពីការលះបង់របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរបស់យើង និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅរាជធានីភ្នំពេញ»

លោកបានអរគុណចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសនៅក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចប្រទេសឲ្យប្រក្រតីឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ភាពជោគជ័យ ទៅលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺពិតជាផ្ដើមចេញមកពី មន្ត្រីនិងប្រជាពលរដ្ឋយើងជឿជាក់យ៉ាងមុតមាំ ទៅលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដោយមន្ត្រី និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលបានដើរជួរមុខគេ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

ចំណុចនេះហើយ បានបង្កើតឲ្យមានភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ រហូតប្រជាពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់គ្នា និងគ្រប់ដូស ដែលបានធ្វើឲ្យវិធានការទប់ស្កាត់នូវការរាតត្បាតជំងឺដ៏សាហាវនេះ ទទួលបានជោគជ័យ និងធ្វើឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក។

គួរបញ្ជាក់ថា ក្នុងការប្រកាសផ្ទេរ ភារកិច្ច និងតែងតាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២៤រូបខាងលើនេះ គឺត្រូវផ្ទេរភារកិច្ច មន្ត្រី១រូប ជាមួយនឹងការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ចំនួន ២៣រូបថែមទៀត ដែលក្នុងនោះ ត្រូវបានតែងតាំង ជានាយិការង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជានាយកទីចាត់ការ ប្រធាន អនុប្រធានការិយាល័យផងដែរ៕