(កណ្ដាល)៖ ក្រោយស្ថានភាពទឹកជំនន់ចាប់ផ្ដើមស្រក ស្ថានភាពដីតាមមាត់ស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រុតជាបណ្ដើរៗនោះ បណ្ដាលឲ្យស្រុតផ្ទះពលរដ្ឋចូលស្ទឹងខ្លះៗ ហើយចំនួនផ្ទះដែលរងផលប៉ះពាល់មានចំនួន៣១ខ្នង

ស្មើនឹងមនុស្ស១២២នាក់ (ស្រី៥៩នាក់)។ ក្រោយមានហេតុការណ៍នេះ កើតឡើងអាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ។

ការបាក់ស្រុតនេះ បានកើតឡើងភូមិនៅអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ហាក់ សុខមករា បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពេលស្នាក់នៅ ប្រសិនបើឃើញមានស្ថានភាពមិនស្រួលម្ចាស់ផ្ទះត្រូវរើសម្ភារ និងចេញមកស្នាក់នៅខាងក្រៅចៀសវាងកុំអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។

សូមជម្រាបថា ក្រុមការងារដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះវាស់វែងកំណត់របៀងផលប៉ះពាល់ ដើម្បីកំណត់តម្លៃផលប៉ះពាល់។ មន្រ្តីជំនាញ បានណែនាំអាជ្ញាធរក្រុងតាខ្មៅ សង្កាត់ភូមិ ពេលប្រជាពលរដ្ឋទាំង ៣១គ្រួសារនេះ បានទទួលសំណង់ផលប៉ះពាល់រួចហើយ មិនអនុញ្ញាតឲ្យពួកគាត់សាងសង់សំណង់ទៀតនោះទេ៕