(ភ្នំពេញ)៖ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនំាសម័យប្រជុំលើកទី១ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងកម្ពុជា និងបារាំង ជាមួយលោក ប៊ែរត្រង់ ល័រតូឡារី ប្រធាននាយកដ្ឋានអាអ៉ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងកិច្ចពិគ្រោះយោបល់ ដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរ បានចែករំលែកពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម នៃប្រទេសរៀងខ្លួន ក្នុងស្មារតីយល់ច្បាស់ពីនីតិរដ្ឋ ដែលគ្រប់គ្រង់ប្រទេសរៀងខ្លួន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈស៉ីជម្រៅលើទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ ភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគ តាមរយៈភាពទាក់ទាញរបស់កម្ពុជា នៅក្នុងទីផ្សារប្រកបដោយថាមវន្ដក្នុងសហគមន៍អាស៊ាន និងនៅក្នុងតំបន់ដ៏ធំធេងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងតាមរយៈអត្ដសញ្ញាណពីរនៃការប្រើប្រាស់ភាសាបារាំងផង និងភាសាអង់គ្លេសផង ក៏ដូចជាច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខណៈភូមិសាស្រ្ដអំណោយផលរបស់កម្ពុជានៅចំកណ្តាល អាស៊ាន។

ទន្ទឹមនេះ ភាគីបារាំង បានកត់សម្គាល់ពីយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលក្នុងការផ្តោតលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាស្ត្រសម្រាប់អនាគត និងលើការបណ្តុះបណ្តាលធនធានមនុស្សមានវិជ្ជាជិវះត្រឹមត្រូវ ដល់យុវជនសរុបចំនួន ១,៥ លាននាក់ ក្នុងឆ្នាំខាងមុខ ដើម្បីអមដំណើរយុទ្ធសាស្ត្រថ្មីខាងលើនេះបានជៅគជ័យ។ បារាំង ជាប្រទេសមានជំនាញច្បាស់លាស់ដ៏ប្រណិតក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងន័យនេះ លោក លោក ប៊ែរត្រង់ ល័រតូឡារី បានកោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រលុបបំបាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានការងើបឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយថាមវន្ត និងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ ២០២២។

ដោយឡែក លោកបណ្ឌិត ចែម វីឌ្យ៉ា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃចំណងមិត្តភាពស្មោះត្រង់ដ៏យូរអង្វែង ដែលកម្ពុជា ថែរក្សាជាមួយបារាំង រួមមានក្នុងក្របខណ្ឌហ្រ្វង់កូហ្វូនីដែលកម្ពុជាជាប្រទេសសមាជិកស្ថាបនិក តាមគំនិតផ្តួចផ្តើមនៃអង្គ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនះកោដ្ឋ ព្រះប្រមុខរដ្ឋកម្ពុជាកាលពីដើមឆ្នាំ ១៩៧០។ កម្ពុជា ក៏បានអបអរសាទរចំពោះតួនាទីនាំមុខរបស់បារាំងចំពោះសន្តិភាព ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកប ដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវត្តមានជាប្រចាំដ៏យូរលុងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅទីនេះ។

លើសពីនេះ ភាគីទាំងពីរ បានឯកភាពគ្នាពីសារៈសំខាន់យ៉ាងខ្លាំងនៃទំនាក់ទំនងអាស៊ាន-បារាំង រួមមានការបន្តចរចារលើតំបន់ពាណិជ្ជកម្មសេរី ពីតំបន់មួយទៅតំបន់មួយ រវាងអាស៊ាន និងសហភាពអឺរ៉ុប។ កម្ពុជា វាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាអ៉ីហ្វិករបស់សហភាពអឺរ៉ុប តាមរយៈវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការឥណ្ឌូប៉ាអ៉ីហ្វិក ដែលបានធ្វើឡើងក្រោមអធិបតីភាពបារាំងជាប្រធាន គណៈកម្មាការអឺរ៉ុប នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។ យុទ្ធសាស្ត្រនេះ បំពេញបន្ថែមលើយុទ្ធសាស្ត្រអាស៊ាន តាមរយៈទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាអ៉ីហ្វិក។

កម្ពុជា និងបារាំង គាំទ្រលើការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ និងពហុភាគីនិយម តាមរយៈស្ថាប័នអន្តរជាតិនានា ជាពិសេសដូចជា អង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអឺរ៉ុប។

តំណាងក្រសួងការបរទេសទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរអំពីបច្ចុប្បន្នភាពដ៏លេចធ្លោស្ដីពីការដោះស្រាយបញ្ហាប្រឈមរួមគ្នាជាសាកល រួមមានការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណី តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីព្យាយាមដោះស្រាយជម្លោះក្នុងតំបន់ ដោយប្រើប្រាស់មធ្យោបាយសន្តិវិធី និងកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន។

សម័យប្រជុំលើកទី១ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងកម្ពុជា និងបារាំង បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាពស្និទ្ធស្នាល ប្រកបដោយការគោរពគ្នា និងទំនុកចិត្តទៅវិញទៅមក។ សម័យប្រជុំលើកទី២ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ នៅទីក្រុងប៉ារីស៕