(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និងលោកឧត្តមនាវីឯក អ៊ុក សីហា មេញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលស្វាគមន៍ដល់ដំណើរចូលចត និងទស្សនកិច្ចរបស់ នាវា HMS SPEY (P234) របស់កងទ័ពជើងទឹកចក្រភពអង់គ្លេស ដឹកនាំដោយ លោកវរនាវីទោ មីឃែល ប្រោតមែន (Michael Proudman) មេបញ្ជាការនាវា HMS SPEY (P234) ដែលបានចូលចតនៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ។

ពិធីនេះ ក៏មានការចូលរួមផងដែរពី លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងវរសេនីយ៍ឯក Jamie Murray អនុព័ន្ធយោធាអង់គ្លេសប្រចាំនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នាវាកងទ័ពជើងទឹក HMS SPEY បានមកកាន់ទឹកដីប្រទេសកម្ពុជា ជាលើកទី២ហើយ ដោយលើកទី១ នៅឆ្នាំ១៩៥៨។ ការចូលចតលើកទី២នេះ ដើម្បីអបអរសាទរដល់ខួប៧០ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទំនាកទំនងជាមួយនឹងកងទ័ពជើងទឹកកម្ពុជា។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅក្នុងឱកាសទទួលស្វាគមន៍ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត ​និងគណៈប្រតិភូនាវាកងទ័ពជើងទឹក HMS SPEY ដឹកនាំដោយ លោកវរនាវីទោ មីឃែល ប្រោតមែន បានទទួលទានអាហាររួមគ្នា ទស្សនកិច្ចលើនាវា និងបានផ្លាស់ប្តូរទស្សនៈអំពីសភាពការណ៍នៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរ ដោយប្តេជ្ញាជំរុញឱ្យមានការចូលចតកាន់តែច្រើនថែមទៀត។

លោកបានបញ្ជាក់ថា ​ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានបំភ្លឺផងដែរ អំពីបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកន្លងមកត្រូវបានមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ពជាដើម។ ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ បានបញ្ជាក់បំភ្លឺជូនភាគីអង់គ្លេសថា កម្ពុជាប្រកាន់ខ្ជាប់នូវការអនុវត្តតាមរដ្ឋធម្មនុញ្ញ ដោយមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។

ជាការឆ្លើយតប ប្រតិភូនាវាអង់គ្លេស បានអបអរសាទរ និងប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិវិស័យកងទ័ពជើងទឹកជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចិមប្រទេសជាពិេសសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម។

ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅកម្ពុជា ក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតផងដែរថា ខ្លួនមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយបដិសេធចំពោះការចោទប្រកាន់ទាំងឡាយ៕