(រ៉ូម-អ៉ីតាលី)៖ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade -ASPIRE-AT) ដែលមានទឹកប្រាក់សរុបចំនួន ១៩៤លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៉ីតាលី រវាងលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជាប្រចាំ IFAD និងលោក Alvaro Lario ប្រធាន IFAD។
កម្មវិធីនេះ មានគោលបំណងជួយកសាងសមត្ថភាពកសិករខ្នាតតូចក្រីក្រប្រហែល ១០០,០០០នាក់ និងគ្រួសារគ្មានដី ឬគ្រួសារក្រីក្រប្រហែល ២៥,០០០គ្រួសារ ដែលមានសក្តានុពលក្នុងការទាញយកអត្ថប្រយោជន៍ទាំងពីទីផ្សារនាំចេញ និងទាំងពីទីផ្សារក្នុងស្រុក សម្រាប់កសិផល, ផលិតផលកសិកម្ម និងបសុសត្វ។
ថវិកាកម្មវិធីនេះនឹងផ្តល់ជូនតាមរយៈសមាគមអ្នកផលិត (Producer Organisations) និង សហគ្រាសកសិកម្មខ្នាតតូច និងមធ្យម ហើយមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស ដែលនឹងនាំមកនូវអភិក្រមផ្អែកលើទីផ្សារ ប្រកបដោយភាពច្នៃប្រឌិតដោយផ្តោតលើភាពជាដៃគូអាជីវកម្ម, លទ្ធភាពក្នុងការទទួលបានឥណទាន និងទីផ្សារ ព្រមទាំងការកសាងសមត្ថភាពសម្រាប់អ្នកទទួលផល ដើម្បីធ្វើឱ្យពួកគេកាន់តែមានភាពប្រកួតប្រជែង។
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាគម្រោងដ៏មានមហិច្ឆតាមួយ ដែលជាឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្មខ្នាតតូច និងដើម្បីធានាថាពួកគេកាន់តែមានប្រសិទ្ធភាព, ផលិតភាព, និរន្តរភាពបរិស្ថាន និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាមានការផ្សារភ្ជាប់កាន់តែប្រសើរឡើងទៅនឹងទីផ្សារ និងខ្សែច្រវាក់ផលិតកម្មចំនួន ៦មុខរួមមាន៖ បន្លែ, មាន់, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច។
គួរបញ្ជាក់ថាដែរ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាគម្រោងទី១១ នៅក្នុងក្របខណ្ឌហិរញ្ញប្បទានដែលផ្តល់ដោយ IFAD។ គិតត្រឹមដើមឆ្នាំ២០២៣នេះ IFAD បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបចំនួនប្រមាណ ៣០៤លានដុល្លារអាមរិក ហើយបាននិងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ, សន្តិសុខស្បៀង, ការកាត់បន្ថយភាពក្រីក្រ, ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ពិសេសការបណ្តុះបណ្តាល និងការផ្សព្វផ្សាយដល់កសិករ អំពីការប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រសិទ្ធភាពជាងមុន និងការចូលទៅកាន់ទីផ្សារ៕