(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា-អាល្លឺម៉ង់ បានប្តេជ្ញាពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។

ការប្តេជ្ញាចិត្ត បានធ្វើឡើងក្នុងជំនួបសន្ទនារវាង លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីនៅកម្ពុជា មានសារសំខាន់ និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ប្រទេសទាំងពីរបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺលើកទី១ ដែលលោកបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។

លោកប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។

ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មាន កំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្បទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។

សម្តេចគូសបញ្ជាក់បន្ថែមថា៖ ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់ទស្សនគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕