(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការទទួលខុសត្រូវរក្សាសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ ការរឹតបន្តឹងអនុវត្តច្បាប់ ការគ្រប់គ្រងអ្នកបើកបរ និងការគ្រប់គ្រងលក្ខណៈបច្ចេកទេសយានយន្ត។

លោកថា ការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់ខ្លួនអ្នក គ្រួសារអ្នក និងសង្គមជាតិ។ ទន្ទឹមនោះយើងក៏មានបញ្ហាប្រឈមផងដែរ និងដាក់ចេញទិសដៅអនុវត្តពង្រឹងការ ត្រួតពិនិត្យ អប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀតសំដៅរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ជាពិសេសជំរុញការទប់ស្កាត់ និងកាត់បន្ថយនូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ការបញ្ជាក់បែបនេះរបស់អភិបាលខេត្ត បានធ្វើឡើង ខណៈស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំកម្មពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ។

ថ្លែងក្នុងពិធីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២ កើតឡើង ១៨៥លើក លើ ១២៩លើក កើនឡើង ៥៦លើក ស្មើនឹង ៤៣% បង្កជនបរទេស១៨លើក (ចិន១៦លើក, ឥណ្ឌូនេស៊ី២លើក) រថយន្តនិងរថយន្ត ១២លើក រថយន្តនិងម៉ូតូ ៩០លើក ម៉ូតូនិងម៉ូតូ ២១លើក រថភ្លើងនិងម៉ូតូ ៥លើក រថយន្តនិងម៉ូតូបង្កដោយខ្លួនឯង ៣៩លើក រថយន្តនិងម៉ូតូបង្កជាមួយសត្វពាហនៈ និងថ្មើរជើង ១៨លើក។

គ្រោះថ្នាក់ខាងលើបណ្តាលឱ្យមនុស្សស្លាប់ ១១០នាក់ លើ ៧៣នាក់ ស្រី ៧នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥២,៥១% (ជនបរទេសមាន ២សញ្ជាតិ ស្លាប់ ៨នាក់ ស្រី៤នាក់)។ របួស ២១២នាក់ លើ ១៣៩នាក់ ស្រី ៤៣នាក់ កើនឡើង ៧៣នាក់ ស្មើនឹង ៥២.៥១% (ជនបរទេស ២សញ្ជាតិ របួស៩នាក់) ខូចខាតយានយន្ត ២៨១គ្រឿង លើ ២២៤គ្រឿង កើន ៥៧គ្រឿង ស្មើនឹង ២៥% ក្នុងនោះរថយន្ត ៩៩គ្រឿង (កំរិតធ្ងន់ ៤៧គ្រឿង) ម៉ូតូ ១៨២គ្រឿង (កំរិតធ្ងន់ ១១០គ្រឿង )។

កត្តាដែលបង្គរកើតមានគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍មានដូចជា៖ បើកហួសល្បឿនកំណត់ ១១២ករណី, វ៉ាជែង ៣ករណី, បើកបរមិនគោរពសិទ្ធិ ២០ករណី, បើកបរធ្វេសប្រហែស ១៤ករណី, បច្ចេកទេសយានយន្ត ៣ករណី, បើកបរដោយស្រវឹង ៣ករណី។

លទ្ធផលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ ផាកពិន័យចេញប័ណ្ណត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកចំនួន ៨,៨៨១គ្រឿង ក្នុងនោះរថយន្ត ៣៥៩គ្រឿង (រថយន្តធុនធ្ងន់ ៣៣គ្រឿង) ម៉ូតូ ៨.៥២២គ្រឿង ទឹកប្រាក់ចំនួន ៦៥៨.៣៩០.០០០រៀល៕