(ភ្នំពេញ)៖ កម្មវិធីជាតិសុខភាពភ្នែក (NPEH) នៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) សហការជាមួយអង្គការដៃគូមូលនិធិហ្រ្វេដហូឡូ (The Foundation) នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ «លទ្ធផលនៃការសិក្សាស្រាវជ្រាវសុខភាពភ្នែកស្តីពី ហិរញ្ញប្បទាន និងការផ្តល់សេវាកំហុសកំណុំរូបភាព» ដើម្បីឆ្លើយតបការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះ។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាផិបាល និងជានាយកកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានសមាសភាពអ្នកចូលរួមដូចជា តំណាងពីក្រសួងសុខាភិបាល កម្មវិធីជាតិសុខភាពភ្នែក ក្រសួងអប់រំយុវជននិងកីឡា ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការ DAC, តំនាង USAID ប្រចាំប្រទេសកម្ពុជា មន្ទីរសុខាភិបាលខេត្ត បុគ្គលិកមន្ទីរពេទ្យ តំណាងបេឡាជាតិសន្តិសុខសង្គម (បសស) តំណាងសកល UHS, តំណាងអង្គការជនពិការ CDPO, និងអង្គការដៃគូដែលកំពុងអនុវត្តកម្មវិធីសុខភាពភ្នែក ដូចជា៖ មូលនិធិថែទាំភ្នែក (ECF), សាយហ្វរអល (SFA), មន្ទីរពេទ្យភ្នែកខេត្តតាកែវនៃអង្គការការីតាស (CTEH), ហាតធូហាត (HHF), សមាគមគ្រូពេទ្យភ្នែកCoS, អង្គការឆៃ CHAI, និងមូលនិធិហ្រ្វេដហូឡូ (The Foundation) ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិប្រមាណ៥០នាក់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់នេះ។

សិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រារព្វធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងដើម្បី
*១៖ បង្ហាញលទ្ធផលស្រាវជ្រាវសំខាន់ៗ ដល់ភាគីពាក់ព័ន្ធដែលកំពុងធ្វើការពាក់ព័ន្ធនិងសុខភាពភ្នែក រួមទាំងអ្នកបង្កើតគោលនយោបាយជាតិ ។
*២៖ ប្រមូលធាតុចូល រួមមានមតិយោបល់ និងសំណូមពរនានាដើម្បីកែលម្អរលទ្ធផលស្រាវជ្រាវនេះ និង
*៣៖ ពិភាក្សាជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ លើជម្រើសគោលនយោបាយដែលមានសក្តានុពល សម្រាប់ហិរញ្ញប្បទានសុខភាពភ្នែក និងការផ្តល់សេវាកំហុសកំណុំរូបភាព ដែលសមស្របបរិបទនៅកម្ពុជា។

នាឱកាសនេះដែរ លោកសាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាកកម្មវិធីជាតិសុខភាពភ្នែក បានលើកទឹកចិត្តនិងជំរុញដល់ អ្នកធ្វើគោលនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ដែលផ្តល់សេវាថែទាំសុខភាព ភ្នែកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នា តម្រង់ទិសការងារសុខភាពភ្នែក ឆ្លើយតបរួមគ្នា ដើម្បីឆ្លើយតបការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះ និងសម្រចបានគោលដៅ ដែលបានកំណត់ក្នុង យុទ្ធសាស្រ្តជាតិ។ ក្នុងន័យនេះដែរ លោកសំដៅដល់ការផ្តល់សេវាសុខភាពភ្នែកដោយស្មើភាព ប្រកបដោយគុណភាព និងសមធម៌។

លោកស្រី បៀតទ្រីស វ៉ាហ្គា (Beatrice Varga) តំណាងមូលនិធិហ្រ្វេដហូឡូ (The Foundation) បានលើកឡើងថា អង្គការនេះបាននិងកំពុងធ្វើងារសុខភាពភ្នែកលើប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ការដោះស្រាយបញ្ហាកំហុសកំណុំរូបភាព ជាការខិតខំប្រឹងប្រែងរួមគ្នា ទាំងអង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងវិស័យឯកជន។ ហើយមូលនិធិហ្រ្វេដហូឡូមានលទ្ធភាពរួមចំណែកការងារនេះ និងឆ្លើយតបបញ្ហានេះបានដោយមានការគាំទ្រថវិកា ពីសហរដ្ឋអាមេរិក (USAID) និងរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានលើកឡើងថា វិទ្យាស្ថានរបស់លោក ជាស្ថាប័នសិក្សាស្រាវជ្រាវដែលដើរតួក្នុងការសម្របសម្រួលក្នុងការប្រើប្រាស់ភស្តុតាងវិទ្យាសាស្រ្ត ពីការស្រាវជ្រាវដើម្បីគាំទ្រគោលនយោបាយ និងជំរុញគោលនយោបាយទាំងនោះ ឲ្យកា្លយជាសកម្មភាព ជាក់សែ្តងដែល ជម្រុញដល់លទ្ធផលល្អប្រសើរឆ្លើយតបបញ្ហាសុខភាពកំពុងកើតមាន។

លោកបន្ថែមថា និរន្តភាពនៃគម្រោងបង្កើនសេវាកំហុសកំណុំរូបភាពមួយនេះ ត្រូវពិចារណា លើធនធានមនុស្សជំនាញ ឧបករណ៍/បរិក្ខា និងស្ថានភាពហិរញ្ញវត្ថុ។ សូមអោយការពិភាក្សា នេះ ពិនិត្យលទ្ធភាពទាំងនោះ និងផ្តល់ ធាតុចូល និងអនុសាសន៍ លើគំរូហិរញ្ញប្បទានសមស្របមួយសម្រាប់ការឆ្លើយតបបញ្ហាកំហុសកំណុំរូបភាពនៅកម្ពុជា៕