(ភ្នំពេញ)៖ ខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ដែលបច្ចុប្បន្ននេះសំណង់អគារខ្ពស់ៗជាច្រើនបានរីកស្គុះស្គាយ មិនចាញ់នៅរាជធានីភ្នំពេញប៉ុន្មាននោះទេ។ វិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធសំណង់អគារខ្ពស់ៗ នៅខេត្តប៉ែកនិរតីមួយនេះ ត្រូវបានលោក គួច ចំរើន អភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នអគារខ្ពស់ៗ សរុបចំនួន១០០៦អគារ ក្នុងនោះ ចំនួន៣០៣អគារ កំពុងដំណើរការអាជីវកម្មរបស់គេ ដោយផ្ដល់បានទាំងការងារ និងប្រាក់ចំណូលចូលរដ្ឋថែមទៀតផង។

ប៉ុន្ដែជាមួយសំណង់អគារដែលកំពុងដំណើរការអាជីវកម្មនេះ នៅខេត្តព្រះសីហនុ ក៏មានសំណង់អគារផ្សេងទៀត ដែលត្រូវបានគេបន្សល់ទុកចោល ដោយសារតែម្ចាស់ក្ស័យធននៅពេលវិបត្តិជំងឺកូវីដ១៩ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះសីហនុ» នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក គួច ចំរើន បានអះអាងថា មានសំណង់គ្រោងអគារចំនួន៣៥៩កន្លែង ត្រូវបានគេទុកចោល ខណៈអគារចំនួន២៥៥ផ្សេងទៀត បានសាងសង់រួចរាល់ តែម្ចាស់មិនដំណើរការអាជីវកម្ម និង៨៩អគារទៀត កំពុងបន្ដជួសជុល។

លោកអភិបាលខេត្តព្រះសីហនុ បានថ្លែងយ៉ាងដូច្នេះថា «អគារនៅខេត្តព្រះសីហនុ មានសរុបចំនួន១០០៦អគារ ក្នុងនោះមាន៣៥៩អគារ ទុកចោលអត់បន្ដការសាងសង់ដោយសារតែបញ្ហាកូវីដ១៩ តាំងពីដើមឆ្នាំ២០២០។ ៨៩អគារទៀតកំពុងដំណើរការជួសជុលរាល់ថ្ងៃ និង២៥៥អគារទៀតសាងសង់រួចរាល់ តែអត់ដំណើរការ។ ដោយឡែក ៣០៣អគារ កំពុងដំណើរការអាជីវកម្មដែលផ្ដល់ទាំងការងារ និងចំណូលចូលរដ្ឋ»

ជាយន្ដការដើម្បីដោះស្រាយ ឬស្វែងរកច្រកណាមួយជាមួយម្ចាស់អគារដែលជាប់គាំងនោះ លោក គួច ចំរើន បានលើកឡើងថា បច្ចុប្បន្នក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែបង្កើតក្រុមការងារមួយដើម្បីដោះស្រាយសំណង់ជាប់គាំងនេះផងដែរ។ លោកបន្ដថា ក្រសួងក៏បានប្រជុំក្នុងនាមមន្ដ្រីបច្ចេកទេសជាច្រើនដងរួចមកហើយ ដែលនៅពេលនេះស្ថិតក្នុងដំណាក់កាលសុំគោលការណ៍ពីថ្នាក់ដឹកនាំទាំងក្រសួង និងរាជរដ្ឋាភិបាល។

ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់យន្ដការដោះស្រាយយ៉ាងណានោះ លោកអភិបាលខេត្ត មិនទាន់អាចជម្រាបឲ្យដឹងបាននៅឡើយទេ ដោយលោកគ្រាន់តែបង្ហើបថា បញ្ហាទាំងអស់នេះនឹងមានដំណោះស្រាយជាបន្ដបន្ទាប់ ហើយក្នុងក៏មានទាំងការផ្ដល់នូវភាពអនុគ្រោះមួយចំនួនដល់ម្ចាស់គម្រោងអគារផងដែរ។

គួរជម្រាបថា យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សំណង់អគារខ្ពស់ៗ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានចំនួន៥៨៩គម្រោង មានដូចខាងក្រោម៖

* ពី៥ជាន់ ដល់៩ជាន់ មានចំនួន២៦៣គម្រោង
* ពី១០ជាន់ ដល់១៩ជាន់ មានចំនួន២២៩គម្រោង
* ពី២០ជាន់ ដល់២៩ជាន់ មានចំនួន៦៣គម្រោង
* ពី៣០ជាន់ ដល់៣៩ជាន់ មានចំនួន២៨គម្រោង
* ចាប់ពី៤០ជាន់ឡើងទៅ មានចំនួន៦គម្រោង៕