(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី ឈាង នារី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកនាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំបំផុតចំពោះមរណភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងជន្មាយុ៧០ឆ្នាំ»។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ការបាត់បង់រូបកាយ លោកនាយឧត្ដមសេនីយ៍ ស៊ឹម សុផល គឺជាការបាត់បង់ឥស្សរជនមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីពេញមួយជីវិតបម្រើ ជាតិ សាសនា ព្រះមហាក្សត បានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មដ៏ថ្លៃថ្លា ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍកម្ពុជា។ ទោះបីរូបកាយ របស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស៊ឹម សុផល បានបាត់បង់ទៅមែនពិត ប៉ុន្តែស្នាដៃ អំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»

ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស៊ឹម សុផល បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕