(ភ្នំពេញ)៖ ស្របពេលដែលវិនិយោគិនបរទេសហូរចូលយ៉ាងគំហុក ក្នុងអំឡុងឆ្នាំ២០១៨-២០១៩ ធ្វើឲ្យខេត្តព្រះសីហនុ មានការប្រែប្រួលមុខមាត់យ៉ាងឆាប់រហ័សស្ទើមិនគួរឲ្យជឿ។ ជាមួយលំហូរវិនិយោគិន និងទេសចរណ៍យ៉ាងច្រើនបែបនេះ ក៏ធ្វើឲ្យខេត្តព្រះសីហនុ រងនូវព្យុះភ្លៀងមួយប្រាវផងដែរ ពាក់ព័ន្ធបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ដែលតែងកើតមានស្ទើរៀងរាល់ថ្ងៃ ដែលភាគច្រើនបង្កដោយជនបរទេស។

ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់នៅខេត្តព្រះសីហនុ មិនដូចមុនទៀតឡើយ ពោលសន្ដិសុខ សណ្ដាប់ធ្នាប់ត្រូវបានធានាយ៉ាងល្អប្រសើរ ហើយប្រជាពលរដ្ឋលែងខ្វល់ខ្វាយ លែងភ័យខ្លាចដូចកាលពីប៉ុន្មានឆ្នាំមុន គ្រាដែលអ្នកវិនិយោគក៏កាន់តែមករកស៉ីសណ្ដាក់ទុនជាបន្ដបន្ទាប់ផងដែរ ដោយមើលឃើញពីស្ថានភាពល្អប្រសើរឡើងវិញ លើបញ្ហានេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះសីហនុ» បានបង្ហើបអំពីវិធានការមួយចំនួន ដែលបានដាក់ចេញជាបន្ដបន្ទាប់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្ដ ដើម្បីធានាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុ ដូចពេលបច្ចុប្បន្ននេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា ការអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹង ជាវិធានការមួយក្នុងចំណោមវិធានការជំនាញជាច្រើនផ្សេងទៀត ដែលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់ចេញ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើង។ លោកបន្ដថា ការអនុវត្តវិធានការច្បាប់នេះ គឺការដាក់ទោសទណ្ឌទៅលើជនបរទេសដែលប្រព្រឹត្តបទល្មើសតាមផ្លូវតុលាការ និងមួយទៀត គឺចាប់បញ្ជូនទៅប្រទេសដើមវិញ ក្នុងករណីបទល្មើសតូចតាច។

ក្រៅពីវិធានការច្បាប់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏ប្រើប្រាស់នូវយន្ដការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទាំងអស់ ដើម្បីស្វែងយល់ឲ្យបានច្បាស់ពីច្បាប់របស់កម្ពុជា ដែលអនុវត្តដោយស្មើភាពគ្នាគ្មានការរើសអើងពូជសាសន៍ ពណ៌សប្បុរល ឬនិន្នាការនយោបាយអ្វីនោះឡើយ ពោលឲ្យតែប្រព្រឹត្តខុសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយនឹងជោគជ័យដែលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានពាក់ព័ន្ធការធានានូវសន្ដិសុខ សណ្ដាប់ធ្នាប់នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានមើលឃើញថា ក៏មិនអាចកាត់ផ្ដាច់បានពីការចូលរួម របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងតាមបណ្ដាស្ថាប័នអង្គភាព ដែលមានការពាក់ព័ន្ធនោះទេ។

ឆ្លងកាត់បទពិសោធន៍ដែលតែងកើតមានកន្លងមកនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់ចេញនូវផែនការជាបន្ដបន្ទាប់ផងដែរ ក្នុងនោះរួមមាន៖

* ពង្រឹងយន្ដការភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដឹកនាំផ្សព្វផ្សាយអប់រំ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់នូវអ្វីដែលជាបញ្ហាដែលបានកើតមានឡើង, លួច ឆក់ គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងការថែរក្សាបរិស្ថាន
* ចលនា និងជួយបង្ហាត់បង្រៀនប្រជាការពារ ដើម្បីបានយល់ដឹងអំពីផ្លូវច្បាប់ និងកិច្ចសហប្រតិបត្តិការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល
* អនុវត្តបណ្ដុះបណ្ដាលមន្ដ្រីក្រោមឱវាទដែលជាអ្នកអនុវត្តច្បាប់ និងអនុវត្តវិន័យកងកម្លាំង ពិសេសការងារចរាចរណ៍ផ្លូវគោកត្រូវមានឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់ និងច្បាស់លាស់
* ពង្រឹងសេវាសន្ដិសុខ ដោយនៅតំបន់ណាដែលមានទេសចរណ៍ ឬមនុស្សរស់នៅ ត្រូវមានសេវាសន្ដិសុខទៅដល់ទីនោះ
* ពង្រឹងការអនុវត្តវិធានច្បាប់យ៉ាងតឹងរឹង៕