(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសជាផ្លូវការ «ក្រុមការងារ មនុស្សធម៌ឯកឧត្តមបណ្ឌិតរដ្ឋមមន្រ្តី ម៉ៅ ហាវណ្ណាល់» និងពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ដោយមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងសប្បុរសជននានាជាច្រេីនរូប។

តាមរយៈសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ ដែលថ្លែងដោយ លោក ពៅ ប៉ូលីណែល រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ «ក្រុមមនុស្សធម៌ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់» ក្រុមមនុស្សធម៌នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងចម្បង ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពរឹងមាំ និងភាពវៃឆ្លាត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈការរៀបចំកិច្ចការមនុស្សធម៌ជូនលោកបណ្ឌិតរដ្ឋមន្រ្តី ដោយដាក់ចេញនូវកម្មវិធីគន្លឹះចំនួនពីរ។

កម្មវិធីគន្លឹះ ២នោះ រួមមាន៖

*កម្មវិធីទី១៖ គឺជាកម្មវិធីជួយឧបត្ថមដល់ជនទីទ័លក្រ ចាស់ជរា និងជនងាយរងគ្រោះ (Humanitarian Assistant Program - HAP) ដូចជា ជនពិការ កុមារកំព្រា និងប្រជាជន ទទួលរងគ្រោះថ្នាក់ផ្សេងៗ ដោយប្រជាជនទាំងនោះ ទទួលបាន ការឧបត្ថមនូវ កញ្ចប់ មនុស្សធម៌របស់លោកបណ្ឌិតរដ្ឋមន្រ្តី ដែលក្នុងនោះ រួមមាន៖ អង្ករ ២៥ គ.ក្រ, មីមួយកេស, ត្រីខ មួយយួរ ៦កំប៉ុង, ទឹកស៉ីអីវ មួយយួរ ៦ដប, ប៊ីចេង មួយកញ្ចប់ និងថវិកា។

*កម្មវិធីទី២៖ គឺជាកម្មវិធីអភិវឌ្ឍន៍យុវជន (Youth Empowerment Program - YEP) ដោយធ្វើការយកចិត្តទុកដាក់លើ ការស្វែងរក ការជួយគាំទ្រ និងផ្តល់អាហារូបករណ៍ជូនដល់សិស្ស ដែលមានឆន្ទៈ និងសមត្ថភាព ប៉ុន្តែខ្វះលទ្ធភាពក្នុងការបន្តការ សិក្សា ព្រមទាំងការរៀបចំកម្មវិធីផ្សេងទៀតក្នុងគោលបំណងពង្រឹងសុខភាព និងសមត្ថ ភាពយុវជន ដូចជា៖ ការបណ្តុះបណ្តាលជំនាញ និងការលើកទឹកចិត្ត ការប្រកួតកីឡា និងការបោះជំរំ ជាដើម។

ជាលទ្ធផល បន្ទាប់ពីការបង្កើតឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ក្រុមមនុស្សធម៌ ក្រោមការដឹកនាំផ្ទាល់របស់លោក ពៅ ប៉ូលីណែល សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ដូចខាងក្រោម៖

*១៖ បានកៀរគរពីសម្បុរសជននានា ទាំងថវិកា និងសំភារៈ សរុបជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
*២៖ បានសហការកសាងអណ្តូងទឹកចំនួន ២០ ជូនដល់លោកគ្រួអ្នកគ្រូ និងសិស្សានុសិស្សតាមវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សា ក្នុងស្រុកសំរោង សុរបថវិការប្រមាណ ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិច។
*៣៖ បានបានចុះចែក អំណោយមនុស្សធម៌ដល់ចាស់ជរា និងពិការ ក្នុងស្រុកសំរោង។
*៤៖ បានរៀបចំកម្មវិធីលើកទឹកចិត្ត និងផ្សព្វផ្សាយ អាហារូបករណ៍ លោកបណ្ឌិតរដ្ឋមន្រ្តីជូនដល់សិស្សក្នុងស្រុកសំរោង ដោយក្នុងនោះ បានសម្របសម្រួលផ្តល់ អាហារូបករណ៍ដល់សិស្សទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសារធារណរដ្ឋប្រជាមានិតចិន និងនៅសាកលវិទ្យាល័យក្នុងប្រទេស ដែលសរុបថវិកាប្រមាណរាប់ ម៉ឺនដុល្លារសហរដ្ឋ អាមេរិចក្នុងមួយឆ្នាំៗ។
*៥៖ បានត្រៀមរៀបចំការ ប្រកួតកីឡាពានរង្វាន់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដល់យុវជន មកពីវិទ្យាល័យទាំង ១០ ក្នុងស្រុកសំរោង។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនទាំងធនធានហិរញ្ញវត្ថុ និងសម្ភារៈដល់ក្រុមមនុស្សធម៌នេះដេីម្បីចែកជូនដល់ចាស់ជរាទីទ័លក្រ និងជនងាយរងគ្រោះដូចជាជនពិការ និងកុមារកំព្រាជាដេីម។

ទន្ទឹមនេះ លោកបណ្ឌិតរដ្ឋមន្រ្តី បានណែនាំដល់ ក្រុមមនុស្សធម៌ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចែកអំណោយមនុស្សធម៌ទាំងនេះជូនដល់ប្រជាជនទីទ័លក្រ និងជនងាយរងគ្រោះ ដែលមានសេចក្តីត្រូវការពិតប្រាកដ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕