(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គម្រោងកំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ ជំហានទី១ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ហើយនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះសីហនុ» លោក គួច ចំរើន បានអះអាងថា បច្ចុប្បន្នដំណើរការសាងសង់កំពង់ផែទឹកជ្រៅនេះ ស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់នៅឡើយ។

លោក គួច ចំរើន បានថ្លែងយ៉ាងដូច្នេះថា «ការសាងសង់កំពង់ផែទឹកជ្រៅ ជំហ៊ានទី១ កំពុងធ្វើការជ្រើសរើសក្រុមហ៊ុន គ្រោងបើកការដ្ឋាននៅក្នុងខែមិថុនា ឆ្នាំ២០២៣។ អ្វីដែលយើងបានធ្វើក្នុងដំណាក់កាលបច្ចុប្បន្ននេះ គឺគ្រាន់តែត្រៀមលក្ខណៈទីតាំង ដើម្បីទុកឲ្យក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ គាត់មកចាប់ផ្ដើមការដ្ឋានសំណង់ [...] នឹងបញ្ចប់នៅចុងឆ្នាំ២០២៥»

គួរជម្រាបថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឲ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង២០០លានដុល្លារពីជប៉ុន។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឲ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ៕