(កំពង់ចាម)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បានលើកឡើងពីដំណើរការ នៃការឈានទៅបិទ និងដកអាជ្ញាបណ្ណផ្សាយរបស់សារព័ត៌មាន VOD ដោយសារការផ្សាយខុសពីការពិត មិនគោរពវិជ្ជាជីវៈសារព័ត៌មាន ហើយមិនព្រមធ្វើការកែតម្រូវ ពិសេសថ្នាក់ដឹកនាំរបស់ VOD រឹងរុះមិនព្រមធ្វើការសុំទោស។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «ការបិទការផ្សាយរបស់ VOD ត្រូវបានទទួលការគាំទ្រ និងសាទរពីគ្រប់មជ្ឈដ្ឋាននានាជាច្រើន។ ដោយសារតែវិទ្យុ VOD ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាព បុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ»។

លោកថា «ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៌មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»

ការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម ខណៈដែលលោកបានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងក្រុមប្រឹក្សាឃុំទាំង៨ ទូទាំង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមវត្តមានអញ្ជើញចូលរួមផងដែរពីលោក ឈិត គឹមយាត សមាជិកព្រឹទ្ធសភា, លោក ងួន ស៊ីមអាន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាក្រសួងព័ត៌មានផងដែរ។

បន្ទាប់ពីលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន ធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងាររួមដែលអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហការគ្នាបំរើកិច្ចការជូនប្រជាពលរដ្ឋបានល្អប្រសើររួចមក លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឈិត គឹមយាត សមាជិកព្រឹទ្ធសភា បានធ្វើការជម្រាបជូនពីដំណើរការសំខាន់ៗមួ យដែលប្រមុខរាជរដ្ឋាភិបាលសម្រេចអនុវត្តន៍បានទាំងកិច្ចការងារជាតិ និងអន្តរជាតិ ក៏ដូចលទ្ធផលការងាររបស់ស្ថាប័នព្រឹទ្ធសភាបំពេញបានជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យការអនុវត្តន៍ច្បាប់ និងដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រឹងប្រែងរួមគ្នាបំពេញបានយ៉ាងល្អ។

ទាក់ទងកិច្ចការងារ នៃវិស័យកសិកម្មជាជំហានបន្តទៅមុខទៀត លោករដ្ឋមន្រ្តី បានបញ្ជាក់ពីផែនការរបស់ប្រមុខដឹកនាំប្រទេស ដោយត្រូវធ្វើយ៉ាងណាបង្កើតឲ្យមានមន្រ្តីជំនាញផ្នែកកសិកម្ម នៅគ្រប់ឃុំទាំងអស់ ដើម្បីជួយដល់ប្រជាកសិករ ក្នុងរបៀបធ្វើយ៉ាងអាចបង្ករបង្កើនផលដំណាំបានល្អ ទទួលបានទិន្នផលខ្ពស់លក់បានកំរៃច្រើន ដែលអាចជួយឲ្យជីវភាពរស់នៅបានកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវថវិកា ចំនួន ១លានរៀល ដល់លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ជូនដល់ អស់លោក លោកស្រី ដែលបានចូលរួមប្រមាណជាង ២០០នាក់ ក្នុងម្នាក់ ២ មុឺនរៀល និងជូនថវិកាដល់ នគរបាល អាវុធហត្ថ និងយោធាស្រុកកោះសូទិនផងដែរ៕