(ភ្នំពេញ)៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងថា ពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាប្រធានាធិបតីអាល្លឺម៉ង់ទី១ ដែលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពី​ប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត៥៦ឆ្នាំមកនេះ។

លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានលើកឡើងបែប​នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គ្រាដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

បើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ លោកប្រធានាធិបតី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានជម្រាបសម្តេចតេជោថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងនាមជាប្រធានាធិបតីទី១ របស់អាល្លឺម៉ង់ ធ្វើទស្សនកិច្ចនៅកម្ពុជា។

លោកប្រធានាធិបតី បានជម្រាបសម្តេចតេជោ អំពីដំណើរទស្សនាប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ និងអស្ចារ្យ ហើយកំពុងត្រូវការការថែរក្សា។ លោកប្រធានាធិបតីអាល្លឺម៉ង់ បានសម្តែងក្តីរីករាយ និងពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទរយៈពេល ២៥ឆ្នាំកន្លងមកនេះ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្ត។

លោកប្រធានាធិបតី ក៏បានសម្តែងនូវការគោរពចំពោះសម្តេចតេជោ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រី ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ។ ជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ និងកំពុងប្រឈមការប្រែប្រួលភូមិសាស្ត្រនយោបាយ។ ក៏ដូចជាការដឹកនាំកម្ពុជា ឱ្យក្លាយជាប្រទេសឈានមុខមួយនៅក្នុងតំបន់។

ជាកិច្ចឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកប្រធានាធិបតីអាល្លឺម៉ង់ ចំពោះការវាយតម្លៃល្អពីកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយកម្ពុជាលើការងារដោះមីន វិស័យវប្បធម៌ និងវិស័យដទៃទៀត។

ពាក់ព័ន្ធនឹងប្រាង្គប្រាសាទរបស់កម្ពុជាវិញ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជា មានប្រាង្គប្រាសាទជាច្រើន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមោទនភាពណាស់។ ប៉ុន្តែក៏ជាបន្ទុកមួយសម្រាប់ការជួសជុល និងថែរក្សា។

សម្តេចតេជោ បានសម្តែងការពេញចិត្តចំពោះការជួយរបស់សហព័ន្ធអាល្លឺម៉ង់ រយៈពេល២៥ឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ក៏សម្តែងនូវការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពលោក ជាវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕