(កណ្តាល)៖ បណ្ណាល័យមួយខ្នងស្ថិតនៅឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលផ្ដួចផ្ដើមកសាងដោយអ្នកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ព្រមទាំងសប្បុរសជនដទៃទៀត ត្រូវបានដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី និងមានការអញ្ជើញចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សប្បុរសជន លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀតមានថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា «កម្ពុជាយើងគឺមានភាពរីកចម្រើនខ្លាំង មិនមែនតែត្រឹមតែនៅក្នុងខេត្តកណ្ដាលយើងនេះទេ គឺនៅគ្រប់ទីកន្លែងទូទាំងប្រទេស ព្រោះថាលោកជំទាវចុះធ្វើការជាមួយលោកតាលោកយាយ អ៊ំពូមីងគ្រប់ខេត្តទាំងអស់ ទាំង២៥ រាជធានីខេត្ត ដែលការរីកចម្រើនរបស់ប្រទេសកម្ពុជាយើងនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន គឺមានភាពរីកចម្រើនខ្លាំង»។

លោកស្រីបានបញ្ជាក់បន្ថែមថា នេះគឺជាការកត់សម្គាល់នៅក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជារបស់យើង ហើយមួយទៀតដែលប្អូនៗសិស្សានុសិស្ស និស្សិតបច្ចុប្បន្ននេះគឺមានសំណាងណាស់ ដែលមានឱកាសគ្រប់បែបយ៉ាងទទួល បាននូវការបណ្ដុះបណ្ដាលអប់រំ និងមានបច្ចេកវិទ្យាទំនើបនៅក្នុងការសិក្សា។

ជាក់ស្ដែង ការសាងសង់បណ្ណាល័យនេះ និងលើកទឹកចិត្តឱ្យប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស កុមារា និង កុមារី ដែលជាទំពាំងស្នងឫស្សី ទៅអនាគតនូវគំនិតនៃការរៀនមួយជីវិត ដែលមិនសំដៅតែទៅលើការរៀន តែនៅក្នុងថ្នាក់រៀន នោះទេ ប៉ុន្តែសំដៅ ដល់ការរៀនអាន ជាពិសសតាមរយៈការបណ្ដុះចិត្តនៃការស្រលាញ់ នឹងចូលចិត្តអានសៀវភៅព្រមទាំងស្ទះស្វែង នឹងពុះពារក្នុងការស្វែងរកចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះលោកឧកញ៉ា និងលោកជំទាវ និងសប្បុរសជនទាំងអស់ ដែលបានចំណាយ ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់ បណ្ណាល័យនៃក្តីស្រលាញ់ ចេញជារូបរាងឡើង ដូចដែលយើងបានឃើញទាំងអស់ជូនពេលនេះដើម្បីជាប្រយោជន៍ដល់ប្អូនក្មួយៗសិស្សានុសិស្សសិក្សាស្រាវជ្រាវ៕