(ភ្នំពេញ)៖ ទាក់ទងទៅនឹងករណី ការចុះផ្សាយរបស់សារព័ត៌មានមួយថា មានការផ្ទុះអាវុធនៅចំណុចភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាការផ្សព្វផ្សាយមិនពិត។ នេះបើតាមសេចក្តី បកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩៖៣០នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីផ្ទុះអាវុធនៅចំណុចភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋានខណ្ឌសែនសុខ ចុះត្រួតពិនិត្យដល់ចំណុចកើតហេតុខាងលើ ដោយបានអញ្ជើញភាគី ទាំង០២មកសួរនាំ។

បន្ទាប់ពីសាកសួររួច និងបានចម្លើយសារភាពពីភាគីទាំង០២ ថាពុំមានករណីផ្ទុះអាវុធទេ គ្រាន់តែជាករណីជម្លោះរវាងម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះ មូលហេតុ អ្នកជួលផ្ទះឈប់ជួលហើយទៅរើឥវ៉ាន់ តែត្រូវម្ចាស់ផ្ទះមិនឲ្យរើ ក៏មានការប្រកែកពាក្យសំដីនិងគ្នា។

បច្ចុប្បន្នកម្លាំងបានធ្វើការសម្របសម្រួល និងធ្វើកិច្ចសន្យាបញ្ចប់រឿង ព្រមទាំងអនុញ្ញាតត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន៕