(ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងថា ការកែសម្រួលគោលនយោបាយទប់ស្កាត់ និងគ្រប់គ្រងកូវីដ១៩ របស់ចិន បានបង្កើតនូវលក្ខខណ្ឌប្រសើរសម្រាប់វិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនា។

ការថ្លែងរបស់ឯកអគ្គរដ្ឋទូតចិនបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតចិនប្រចាំកម្ពុជា។ លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះ
«ខណៈផលប៉ះពាល់របស់កូវីដ១៩បានកាត់បន្ថយ ដូច្នេះជើងហោះហើរត្រង់រវាងចិននិងកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នឹងត្រូវបានបង្កើន ហើយភ្ញៀវទេសចរចិនក៏នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន»។

បើតាមលោកឯកអគ្គរដ្ឋទូត បានឲ្យដឹងថា មុនពេលមានជំងឺកូវីដ១៩ ចិនគឺជាប្រទេស ដែលមានភ្ញៀវទេសចរមកកម្ពុជាច្រើនជាងគេ។ ជាក់ស្តែងនៅឆ្នាំ ២០១៩ កម្ពុជាបានទទួលទេសចរណ៍ចិន ប្រមាណ ២.៤៦លាន ស្មើនឹង ៣៥.៧% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប និងបង្កើនចំណូលបានប្រមាណ ១.៨ពាន់លានដុល្លារអាមេរិក។ ដោយឡែកនៅខែមករា ឆ្នាំ២០២៣នេះ ទេសចរចិនដែលមកលេងកម្ពុជាមានចំនួនរហូតដល់ ២ម៉ឺន៥ពាន់នាក់។

លោកទូតបានបន្ថែមថា នៅពេលមុនជំងឺកូវីដ១៩ ជើងហោះហើរត្រង់ចិន-កម្ពុជា មាន ៧០ជើង ក្នុងមួយសប្តាហ៍ ខណៈឥឡូវនេះមានប្រមាណ ៤០ជើងក្នុងមួយសប្តាហ៍ ពោលគឺភាគីទាំងពីរបានស្ដារជើងហោះហើរត្រង់ឡើងវិញជាង ៥០%។

ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់ថា ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ជើងហោះហើរត្រង់រវាងចិន និងកម្ពុជានឹងស្ដារឡើងវិញឱ្យបានឆាប់រហ័ស ហើយផ្ដល់លក្ខខណ្ឌងាយស្រួលសម្រាប់ប្រជាជនធ្វើទេសចរណ៍ និងផ្លាស់ប្ដូរ។»