(សៀមរាប)៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ព្រមទាំងការបំពាក់ ឯកសណ្ឋានជាយុវជនសាខាកាកបាទក្រហម កម្ពុជា ដល់យុវសិស្សចំនួន១០០នាក់។ ក្នុងនោះដែរ វិទ្យាល័យ ១០ មករា ១៩៧៩ ចំនួន៥០នាក់ និង៥០នាក់ទៀត នៃនៃវិទ្យាល័យ អង្គរ ក្រុងខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារ ក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាល រយៈពេល១ថ្ងៃនេះស្តីពី កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបញ្រ្ចាបលើប្រធានបទសុវត្ថិភាពចរាចរណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមនុស្សធម៌។

ទន្ទឹមនឹងនេះដែរ លោក លី ប៊ុនណា ក៏បានប្រគល់តួនាទី និងភារកិច្ចដល់ប្អូនៗដូចខាងក្រោម៖
* ប្អូនៗជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ។
* ប្អូនៗជាទំពាំងស្នងប្ញស្សីជាអ្នកបន្តវេនក្នុងសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
* ត្រូវមគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ។
* ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍។
* ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន។
* ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹកមិត្តយុវសិស្សពិការផងដែរ។
* ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
* មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ ជាមួយយុវកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាជាមួយយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហម នៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក។

ជាមួយនេះដែរ បន្ទាប់ពីបានទទួលតួនារី ភារកិច្ច និងដើម្បីឆ្លើយតបនឹងប្រសាសន៍ផ្ដាំផ្ញើ និងការប្រគល់ភារកិច្ចរបស់គណៈអធិបតី តំណាងយុវជនថ្មីចំនួន៣រូបបានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖
* ប្ដេជ្ញារៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ។
* ប្ដេជ្ញាបំពេញតួនាទីភារកិច្ច ជាយុវជនកាកបាទក្រហមកម្ពុជា។
* ប្តេជ្ញាទ្រទ្រង់ និងចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើន ទាំងក្នុង និងក្រៅសាលារៀន។
* ប្ដេជ្ញាអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅអនាគតផងដែរ៕