(ព្រះវិហារ)៖ ប្រជាពលរដ្ឋងាយរងគ្រោះ គ្រួសារយុទ្ធជយតេជន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រមកម្ពុជា និងសិស្សានុសិស្សសរុបចំនួន ១០០នាក់ រស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានការយល់ដឹងបន្ថែមពី គ្រោះថ្នាក់ដោយសារមីន និងសំណល់អាវុធជាតិផ្ទុះ ពីសង្គ្រាម ដើម្បីចូលរួមទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ដែលពិធីនេះបានរៀបចំធ្វើនៅបរិវេណវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីនេះបានប្រព្រឹត្ដទៅក្រោមវត្ដមាន លោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា លោក យុង គឹមហ៊ាន អភិបាលរង និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ព្រមជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា សាខា អនុសាខា ព្រមទាំងអាជ្ញាធរដែនផងដែរ។

លោក លិញ យុត អភិបាលរងស្រុក និងជាអនុប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត បានឲ្យដឹងថា ជាំក្សាន្តជាស្រុកមួយក្នុងចំណោមស្រុក និងក្រុងទាំង៨របស់ខេត្តព្រះវិហារ ដែលមានចំងាយផ្លូវប្រមាណ ជា៩៩ គីឡូម៉ែត្រ ពីទីរួមខេត្ត ព្រះវិហារ ។ស្រុកជាំក្សាន្ដគ្រប់ដណ្តប់ លើឃុំ ចំនួន៨ និងភូមិចំនួន ៤៩។ ចំនួនប្រជាពលរដ្ឋមានសន្ទុះកើនឡើងខ្លាំង នៅក្រោយពេលដែលរាជរដ្ឋាភិបាលមានគោលការណ៍ អភិវឌ្ឍន៍តាមបន្ទាត់ព្រំដែនថៃ និងព្រំដែនឡាវ ដោយបានបង្កើតឃុំថ្មី ចំនួន២ និងភូមិចំនួន ១៣ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ដែលភាគច្រើនជាភូមិរបស់គ្រួសារកងទ័ព។

លោក លិញ យុត បានថ្លែងថា ទាក់ទងនឹងវិស័យមីន ដោយអនុវត្តទៅតាមផែនការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការសិក្សាស្រាវជ្រាវ រកតំបន់ចំការមីន និងចំការគ្រាប់ បានរៀបចំផែនការរំដោះដីចំការមីនជាបន្តបន្ទាប់ តាមរយៈការគាំទ្រពីអង្គការដៃគូ កម្លាំងប្រតិបត្តិការដោះមីន មានស៊ីម៉ាក់ អង្គការដោះមីនកម្ពុជា អង្គការហេឡូត្រាស់ អង្គការម៉ែក។ល។

លោកបន្ដថា «បើទោះបីរយៈពេល២៥ ឆ្នាំកន្លងមកនេះ យើងបានរំដោះដីចំការមីនបានជាច្រើនកន្លែងយ៉ាងណាក៏ដោយ បញ្ហាប្រឈមគ្រោះថ្នាក់ ដោយសារគ្រាប់ មីននិងគ្រាប់មិនទាន់ផ្ទុះ នៅតែកើតមានជាបន្តបន្ទាប់ ជាក់ស្ដែងចាប់ពីថ្ងៃទី១០ខែមករា ដល់ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២២ មានកររណីផ្ទុះមីននិងគ្រាប់ចំនួន៨ករណី បណ្តាលឲ្យស្លាប់មនុស្សចំនួន៦នាក់ និងរបងរបួសចំនួន៦នាក់ ហើយថ្មីៗនេះ ក៏មានករណីផ្ទុះ មីនតោន១លើក បណ្តាលឲ្យខូចខាតត្រាក់ទ័រ ១គ្រឿង និងរងរបួសស្រាលអ្នកបើកបរផងដែរ»

លោកអភិបាលស្រុកបានបន្តថា ក្នុងនាមប្រជាពលរដ្ឋរងគ្រោះក្នុងស្រុកជំាក្សាន្ត នៃខេត្តព្រះវិហារ សូមថ្លែងអំណរគុណដល់សប្បុរសជនជាតិអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រជាសម្ភារៈ និងថវិកា កាកបាទ ក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហមជារៀងរាល់ឆ្នាំ បានផ្តល់ឱកាស ដល់កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល និងថ្នាក់សាខា អនុសាខា ថាមានលទ្ធភាពបំពេញបេសកកម្ម មនុស្សធម៌ប្រកបដោយប្រសិទ្ធភាព ជួយដល់ប្រជាជនងាយរងគ្រោះបំផុត។

លោក ញឹម វណ្ណ តំណាងអង្គការដោះមីនប្រចាំស្រុកជាំក្សាន្ត បានធ្វើបទបង្ហាញពន្យល់ណែនាំ អប់រំ និងផ្សព្វផ្សាយពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបថា ថ្វីត្បិត តែបច្ចុប្បន្ននេះយើងរស់នៅក្នុងសុខសន្តិភាពហើយក្ដី ប៉ុន្តែគ្រាប់មីនកប់ក្នុងដី ដែលបន្សល់ទុកដោយសង្គ្រាម នៅតែមាន ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន នៅពេលបងប្អូនប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ គឺត្រូវរាយការណ៍ទៅអាជ្ញាធរ ឬអង្គភាពកំចាត់មីន ដើម្បីមានវិធានការ។

ក្នុងឱកាសនោះលោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា បាននាំមកនូវសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្ដីនឹករលឹកក្រៃលែង។

លោកបានបន្តទៀតថា កាកបាទក្រហម កម្ពុជា បានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ២០០១ ក្នុងខេត្តគោលដៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារនេះផងដែរ។

លើសពីនោះកាកបាទក្រហមកម្ពុជា ក៏បានចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះ របួស ពិការ និងគ្រួសារសពដោយសារមីន ព្រមទាំងផ្តល់ជំនួយសង្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ នៅតាមបណ្តាសហគមន៍ ឬនៅតាមមន្ទីរពេទ្យដោយផ្ទាល់ និងបានទទួលនូវសេវា ថែទាំសុខភាព ផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងសម្របសម្រួល ដើម្បីទទួលបានសេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា។

ចំពោះការងារប្រាក់កម្ចីខ្នាតតូចពុំមានការប្រាក់ ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតំបន់ជនបទ ប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន/យុទ្ធភ័ណ្ឌពុំទាន់ផ្ទុះ ហើយជីវភាពត្រូវប៉ះពាល់ថែមទៀត ដោយសារវិបត្តិជំងឺកូវីដ១៩នោះ ក្នុងឆ្នាំ២០២២ សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចពង្រីកការផ្តល់ប្រាក់កម្ចីឥតការប្រាក់ចំនួន៣០០គ្រួសារបន្ថែមលើការផ្តល់កម្ចីដោយបង្វិលដើមទុនមានស្រាប់នៅសាខាចំនួន ២៤៣គ្រួសារ។

ប្រការនេះបានធ្វើឲ្យការផ្តល់ ប្រាក់ កម្ចីសារុបក្នុងឆ្នាំ២០២២នេះ កើនដល់៥៤៣គ្រួសារ។ ការផ្តល់ប្រាក់កម្ចីនេះ បានផ្តោតទៅលើការជួយគាំទ្រជនងាយរងគ្រោះនិងរងគ្រោះក្នុងសហគមន៍ ដូចជាគ្រួសាររងគ្រោះដោយសារមីន គ្រួសាររងគ្រោះដោយទឹកជំនន់ គ្រួសារយោធិនពិការ គ្រួសារអតីត យុទ្ធជន និងគ្រួសារយុទ្ធជន ដើម្បីប្រកបរបរកសិកម្ម ឬធ្វើអាជីវកម្មខ្នាតតូចផ្សេងៗរកប្រាក់ចំណូល កែលម្អជីវភាពរស់នៅ និងបង្កើនភាពធន់សហគមន៍ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។នេះបើតាមការបញ្ជាក់របស់លោក យូ ឡាណា។

ទន្ទឹមនឹងនោះ លោកយូ ឡាណា បានអំពាវនាវដល់គណៈកម្មាធិការសាខាកាកបាទក្រហមទាំង ២៥រាជធានីខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចតិ្ត សូមបន្តយកចិត្តទុកដាក់ ដោយបញ្ជ្រាបសកម្មភាពផ្សព្វផ្សាយពីមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម នៅក្នុងការងារផ្សេងៗរបស់សាខា ហើយចំពោះប្រជាពលរដ្ឋ ក៏ដូចជាកុមារា កុមារីផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយ លោក យូ ឡាណា រួមជាមួយក្រុមការងារបានបន្តចុះពិនិត្យគ្រួសារទទួលបា្រក់កម្ចីចំនួន ១០គ្រួសារ (ភូមិវាលពោធិ៍ ៣គ្រួសារ ភូមិជាំក្សាន្ត ៧គ្រួសារ)៕