(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដែលដឹកនាំដោយលោក ម៉ៃខល ខេលន័រ (Michael Kellner) រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង បរិស្ថានអាល្លឺម៉ង់ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់មួយចំនួន។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបណ្ឌិតសភាចារ្យ បានស្វាគមន៍គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដែលបានឆ្លៀតពេលមកជួបពិភាក្សា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសនៃការអញ្ជើញអមដំណើរលោក Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។

លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ពីបរិយាកាសវិនិយោគរបស់កម្ពុជា ដែលបើកចំហ និង មានលក្ខណៈអំណោយផល ចំពោះវិនិយោគិន ជាពិសេសវិនិយោគិនបរទេស តាមរយៈការអនុញ្ញាត ឲ្យវិនិយោគិនបរទេស បណ្តាក់ទុនវិនិយោគ នៅលើគ្រប់វិស័យ ដោយមិនតម្រូវឲ្យមានការចូលរួមទុន ពីវិនិយោគិនក្នុងស្រុក។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចជូនគណៈប្រតិភូ អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ក្របខណ្ឌគោលនយោបាយ, កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច, និង កម្មវិធីកែទម្រង់នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងពេលកន្លងមកនេះ។

ជាមួយនេះ, មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានគោលនយោបាយ បានផ្តល់បទបង្ហាញ និងជម្រាបជូនបន្ថែម ដល់គណៈប្រតិភូ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ការប្រមូលចំណូល, ការព្យាករសេដ្ឋកិច្ច, វិធានការដោះស្រាយផលប៉ះពាល់មកលើថ្លៃទំនិញ និង កសិកម្ម ដែលបណ្តាលមកពីការកើនឡើងនៃតម្លៃថាមពល, ការគាំពារសង្គម, ការបណ្តុះបណ្តាលជំនាញ និង សកម្មភាពវិនិយោគ ដែលទទួលបានការលើកទឹកចិត្ត។

លោក ម៉ៃខល ខេលន័រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានទទួលជួបគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។

លោក ម៉ៃខល ខេលន័រ បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់ បាននិងកំពុងជំរុញវិនិយោគិនអាល្លឺម៉ង់ ធ្វើពិពិធកម្មវិនិយោគរបស់ខ្លួន តាមរយៈការបណ្តាក់ទុន នៅបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយកម្ពុជា ក៏ជាគោលដៅវិនិយោគអាទិភាពមួយ។

គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានឧទ្ទេសនាមពីសកម្មភាពធុរកិច្ចរបស់ខ្លួន និងបានលើកជាសំណួរជាច្រើន ពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជាផងដែរ។ ជាមួយនេះ, គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានផ្តល់នូវទស្សនៈ និង ចែករំលែកបទពិសោធន៍ ក្នុងការដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលបានកើតមានឡើងនៅសហភាពអឺរ៉ុប ជាពិសេស នៅប្រទេសអាល្លឺម៉ង់។

លោកបណ្ឌិតសភាចារ្យ បានស្នើឲ្យគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បន្តផ្តល់អាទិភាពខ្ពស់លើការសិក្សាអំពីកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងស្វាគមន៍ការវិនិយោគ ដោយផ្ទាល់ ឬ ដោយប្រយោល របស់វិនិយោគិនជាតិ និង អន្តរជាតិ នៅកម្ពុជា តាមរយៈការកសាងបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល, មានភាពទាក់ទាញ ពិសេសផ្ដល់ការការពារនូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនគ្រប់រូប៕